ក្រុងវី​យែនៈ ​អង្គការ​​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​​អង្គការ​សហប្រជាជាតិ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ខ្លួន​ ​«​មាន​ការ​ព្រួយ​បារម្ភ​អំពី​ភាព​តានតឹង​ដែល​កំពុង​កើន​ឡើង​» ​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ក្រោយ​ពី​ក្រុង​តេអេរ៉ង់ ​បាន​ថ្លែង​ថា​ ខ្លួន​នឹង​ឈប់​ធ្វើ​លក្ខខណ្ឌ​​ជា​ច្រើន​នៃ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ឆ្នាំ ​២០១៥​ ទៀត​ហើយ​។​

លោក​ ​Yukiya ​Amano ​ជា​អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ​ បាន​ថ្លែង ​នៅ​ក្នុង​សុន្ទរកថា ​​បើក​ជំនួប​​ប្រចាំ​ត្រីមាស​នៃ​ក្រុមប្រឹក្សា​អភិបាល​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា មធ្យោបាយ​ជា​ច្រើន​អាច​ត្រូវ​បាន​រក​ឃើញ ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​បច្ចុប្បន្ន​តាមរយៈ​ការ​ចរចា​​»​។​

កាល​ពី​ថ្ងៃ​ទី ​៨​ ខែ ​ឧសភា​ អ៊ីរ៉ង់​បាន​ប្រកាស​ថា​ ខ្លួន​លែង​ពិចារណា​​អំពី​ការ​កំណត់​ព្រំដែន​នៃ​រោងចក្រ​ផលិត​អាវុធ​បាញ់​ក្នុង​ទឹក​ធុន​ធ្ងន់​ និង​រោងចក្រ​ចម្រាញ់​ជាតិ​អ៊ុយរ៉ានីញ៉ូម​ ដែល​បាន​ព្រមព្រៀង​ថា​ជា​ផ្នែក​នៃ​ផែនការ​សកម្មភាព​ទូលំទូលាយ​រួម​ (JCPOA) កាល​ពី​ឆ្នាំ ២០១៥​។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស US ម៉ៃក៍ ប៉ុមប៉េអូ (ស្តាំ) ថ្លែង ខណៈ​លោក​ស្រី​អ្នក​នាំ​ពាក្យ Morgan Ortagus ស្តាប់​។ AFP

វិធានការ​របស់​ក្រុង​តេអេរ៉ង់ ​បាន​កើត​ឡើង ​១ ​ឆ្នាំ​ ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់​ ត្រាំ​ បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នោះ​។ ​ក្រុង​វ៉ាស៊ីនតោន​ បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​សាធារណ​រដ្ឋ​អ៊ិស្លាម​មួយ​នេះ​ជា​ថ្មី​។​

អ៊ីរ៉ង់ ​បាន​ថ្លែង​ថា​ ប្រសិន​បើ ភាគី​​ផ្សេង​ទៀត​នៅ​ក្នុង​​ JCPOA ​មិន​បង្កើន​ល្បឿន​ការងារ​ទៅ​លើ​ការ​បន្ធូរ​បន្ថយ​ឥទ្ធិពល​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ នៅ​ត្រឹម​ដើម​ខែ​កក្កដា​ទេ ​ខ្លួន​អាច​នឹង​ឈប់​អនុវត្ត​តាម ការ​កំណត់​ទៅ​លើ​​កម្រិត ​ដែល​ខ្លួន​អាច​ចម្រាញ់​ជាតិ​អ៊ុយរ៉ានីញ៉ូម​ និង​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​ចំពោះ​រោងចក្រ ​Aak ប្រតិបត្តិការ​​ដោយ​ម៉ាស៊ីន​រ៉េអាក់ទ័រ​ដើរ​ដោយ​ចំហាយ​ទឹក​របស់​ខ្លួន​ឡើង​វិញ​។​

រយៈពេល ​២ ​សប្តាហ៍​មក​នេះ​ ការ​ត្រួត​ពិនិត្យ​ចុង​ក្រោយ​បំផុត ​ដែល​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ (IAEA) បាន​ថ្លែង​ថា ​ចំណែក​ឯ​រោងចក្រ​ចម្រាញ់​ជាតិ​អ៊ុយរ៉ានីញ៉ូម​ជា​ច្រើន​កន្លែង ​និង​រោងចក្រ​ដើរ​ដោយ​ចំហាយ​ទឹក​ បាន​ដំណើរការ​ឡើង​វិញ​ រោងចក្រ​ទាំង​នោះ​ បាន​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ JCPOA​។​

ប្រធានាធិបតី​​អ៊ីរ៉ង់ ហាស្សាន រូហានី (ស្តាំ​) ជួប​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​អាល្លឺម៉ង់ Heiko Maas (ស្តាំ​ទី២​)។ AFP

លោក​ Amano ​បាន​ថ្លែង​ថា៖ «​ដូច​ដែល​ខ្ញុំ​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​ ការ​ប្តេជ្ញា​ចិត្ត​ទាក់ទង​ទៅ​នឹង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ ដែល​បាន​ចាប់​ផ្តើម​ដោយ​អ៊ីរ៉ង់​ស្ថិត​នៅ​ក្រោម​តំណាង​ JCPOA ​សំខាន់​សម្រាប់​ការ​ត្រួត​ពិនិត្យ​នុយក្លេអ៊ែរ​នោះ​»​។​

លោក​ Amano ​បាន​បន្ថែម​ថា​៖ «​កិច្ច​ព្រមព្រៀង​នោះ​ មាន​សារៈសំខាន់​ណាស់ ​ដែល​អ៊ីរ៉ង់​ត្រូវ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​ ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ទាក់ទង​នឹង​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ទីភ្នាក់ងារ ​JCPOA​។​

របាយការណ៍​ចុង​ក្រោយ​របស់​ទីភ្នាក់ងារ​ថាមពល​អាតូមិក-​អន្តរជាតិ បាន​បញ្ជាក់​ថា ​«​ការ​ពិភាក្សា​បច្ចេកទេស​កំពុង​បន្ត​​» ​ជាមួយ​អ៊ីរ៉ង​ទាក់ទង​​នឹង​ការ​ដំឡើង​ម៉ាស៊ីន​បំបែក​ធាតុ ​IR-6 ចំនួន ៣៣ ​គ្រឿង​៕ AFP/SK