ក្រុង​សេអ៊ូលៈ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ គីម​ ជុងអ៊ុន​ បាន​ទៅ​ត្រួត​ពិនិត្យ​មើល​កន្លែង​បាញ់​សាកល្បង ​«​អាវុធ​​» ប្រភេទ​​ថ្មី​ ​១ ទៀត​ ដោយ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​អាមេរិក​ប្រចាំ​នៅ​ក្រុង​ព្យុងយ៉ាង ​ទៅ​កាន់​ក្រុង​សេអ៊ូល​នៅ​​សប្តាហ៍​នេះ​។​

ការ​បាញ់​អាវុធ​ថ្មី​កាល​ពី​ថ្ងៃ​សុក្រ គឺ​ជា​ការ​ធ្វើ​តេស្ត​លើក​ទី​៦​ របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ខណៈ​ដែល​ខ្លួន​តវ៉ា​ប្រឆាំង​នឹង​​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​អាមេរិក​-កូរ៉េ​ខាង​ត្បូង​ ដែល​ក្រុង​ព្យុងយ៉ាង ​ចាត់​ទុក​ថា​ ជា​ការ​ហាត់​សម​ដើម្បី​ឈ្លានពាន​កូរ៉េ​ខាង​ជើង​។​

ក្រុម​មន្ត្រី​ការពារ​ជាតិ​នៅ​ក្រុង​សេអ៊ូល​បាន​ថ្លែង​ថា​ ក្រុង​ព្យុងយ៉ាង​បាន​បាញ់​​អ្វី​ដែល​ទំនង​ជា​​មីស៊ីល​បាលីស្ទិក​ចម្ងាយ​ជិត ​២ ​គ្រាប់ ​កាល​ពី​ថ្ងៃ​សុក្រ​ ដែល​​ហោះ​បាន​ចម្ងាយ​ប្រហែល ​២៣០ ​គីឡូម៉ែត្រ ​​មុន​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​​នៅ​ចន្លោះ​ឧបទ្វីប​កូរ៉េ ​និង​ជប៉ុន​​។​

របាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ​ផ្លូវ​ការ​ បាន​និយាយ​ថា​ ការ​ធ្វើ​តេស្ត​នោះ​ គឺ ​«ទទួល​បាន​លទ្ធផល​ល្អ​ឥត​​ខ្ចោះ​»​ ដែល​បាន​ជួយ​ «​​ពង្រឹង​ទំនុក​ចិត្ត​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​លើ​​​ប្រព័ន្ធ​សព្វាវុធ​ប្រភេទ​ថ្មី​​នេះ​»​។​

ទីភ្នាក់ងារ​សារព័ត៌មាន​ KCNA ​បាន​និយាយ​ថា​៖ «​មីស៊ីល​នោះ​ ត្រូវ​បាន​បាញ់​នៅ​ក្រោម​វត្តមាន​របស់​ក្រុម​​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​​»​។​

តាម​​ទម្លាប់ ​របប​ក្រុង​ព្យុងយ៉ាង ​បាន​បង្ហាញ​នូវ​ការ​ខឹង​សម្បា​នៅ​ពេល​​ដែល​មាន​ធ្វើ​សមយុទ្ធ​រវាង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​​ ប៉ុន្តែ​កូរ៉េ​ខាង​ជើង​ មិន​​ឈប់​សាកល្បង​អាវុធ​​នោះ​ទេ​ នៅ​ពេល​​​សមយុទ្ធ​កំពុង​តែ​បន្ត​ធ្វើ​នោះ​​៕ AFP/SK