ក្រុងឌូបៃៈ ក្រុមគ្រូពេទ្យ​គ្មាន​ព្រំដែន (MSF) ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា មនុស្ស​ ៥ ​នាក់​បាន​ស្លាប់​ហើយ​រាប់សិប​នាក់​ផ្សេង​ទៀត​បាន​រងរបួស​នៅក្នុង​ទីក្រុង Taez ទី​ ៣ ​របស់​ប្រទេស​យេម៉ែន​ក្រោយពី​ការប៉ះទង្គិច​បាន​ផ្ទុះ​ឡើង​រវាង​ក្រុមប្រឆាំង និង​ក្រុមគាំទ្រ​រដ្ឋាភិបាល​។

អង្គការ MSF បាន​សរសេរ​នៅលើ​គេហទំព័រ​ធ្វីធើរ​ថា​៖ «​ការប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​បាន​បន្ត​កើតឡើង​ម្តងទៀត​នៅក្នុង​ក្រុង​ Taez » ជា​ទីក្រុង​មួយ​នៅ​ឆ្ងាយ​ពី​កំពង់ផែ​ Mokha សមុទ្រ​ក្រហម​។

គេហទំព័រ​ធ្វីធើរ​នោះ​បាន​បន្ថែម​ថា​៖ «​មន្ទីរពេទ្យ​ដែល​គាំទ្រ​ប្រហែល​ ៩១ ​នាក់​បាន​រងរបួស ហើយ​ ៥ ​នាក់​ទៀត​បាន​ស្លាប់​ក្នុង​ការទាក់ទង​ទៅ​នឹង​ការប្រយុទ្ធ​ដោយ​ផ្ទាល់​» ចាប់​តាំងពី​ថ្ងៃទី ​១៩ ខែ​មេសា​។

ក្រុមគ្រូពេទ្យ​សប្បុរសធម៌​បាន​បន្ថែម​ថា​ការប៉ះទង្គិច​កំពុង​រារាំង​ក្រុម​អ្នកជំងឺ​មិន​ឲ្យ​ចូល​ទៅកាន់​មន្ទីរពេទ្យ​នៅក្នុង​ក្រុង​ដែល​បាន​គាំទ្រ​ដោយ​កងកម្លាំង MSF ជា​កន្លែង​តែ​មួយ​គត់​ដែល​បាន​ផ្តល់​ការយក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ដល់​ក្រុម​ពលរដ្ឋ​នៅ​ក្រុង​ Taez នោះ​។

ក្រុង ​Taez គឺ​ស្ថិត​នៅ​ក្នុង​ការឡោមព័ទ្ធ​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូធី​គាំទ្រ​ដោយ​អ៊ីរ៉ង់ ប៉ុន្តែ​បាន​គ្រប់គ្រង​ដោយ​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុម​យោធា​ចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ី សាអ៊ូឌីត​។

យោងតាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​មនុស្ស​ជិត​ ១ ​ម៉ឺន​នាក់ ភាគច្រើន​ក្នុង​ចំណោម​ពួកគេ​ជា​ជន​ស៊ីវិល​បាន​ស្លាប់ ហើយ​ជាង​ ៦ ​ម៉ឺន​នាក់​បាន​រងរបួស​តាំងពី​សម្ព័ន្ធមិត្ត​ចូល​អន្តរាគមន៍​ក្នុង​ឆ្នាំ​ ២០១៥៕ SK