ក្រុង​យ៉ាំង​ហ្គោនៈ ​អ្នក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា ​ការ​កាត់​ផ្តាច់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​​មីយ៉ាន់ម៉ា​ អាច​ជា​ការ​បិទ​បាំង «​ការ​​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​ស្រុង​»​ នៅ​ក្នុង​តំបន់​មួយ​ ជា​ទី​ដែល​មាន​ការ​បង្ក្រាប​ដោយ​យោធា​យ៉ាង​ឃោរឃៅ​ ​បាន​បង្ខំ​ឲ្យ​ជន​រ៉ូហ៊ីងយ៉ា​រាប់​សែន​នាក់​បាន​រត់​ភៀស​ខ្លួន​។​

យោធា​បាន​ផ្តាច់​អ៊ីនធឺណិត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​កង​កម្លាំង​អារ៉ាឃីន ​(AA) ​ជា​ក្រុម​ឧទ្ទាម​ដែល​បាន​ប្រយុទ្ធ​ ដើម្បី​ស្វ័យភាព​ឲ្យ​បាន​ច្រើន​ជាង​នេះ​ សម្រាប់​ជន​ភាគ​តិច​កាន់​ ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​តំបន់​រដ្ឋ​រ៉ាក់ឃីន​។​

រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​សុក្រ បាន​ចាត់​វិធានការ​មិន​ធ្លាប់​មាន​ពី​មុន​​ ដោយ​បាន​បញ្ជា​ឲ្យ​ក្រុម​ប្រតិបត្តិករ​​​ទូរស័ព្ទ​ចល័ត​​ បិទ​ទិន្នន័យ​​អ៊ីនធឺណិត​យ៉ាង​ហោច​​នៅ​ក្នុង​ក្រុង​​​ចំនួន ​៨ ​នៃ​រដ្ឋ​រ៉ាក់ឃីន និង​មួយ​ទៀត​នៅ​ក្នុង​រដ្ឋ​ឈីន​ដែល​នៅ​ជិត​ខាង។​

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​មីយ៉ាន់ម៉ា ​លោក​ស្រី​​ Yanghee-Lee​ បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​​ជន​ស៊ីវិល​ទាំង​អស់​នៅ​ទី​នោះ» ​ដោយ​បាន​អំពាវនាវ​ឲ្យ​ដក​ការ​រឹត​បន្តឹង​​ទាំង​អស់​នោះ​ជា​បន្ទាន់​។

លោក​ស្រី​បាន​ថ្លែង​ថា​៖ «​ប្រតិបត្តិការ​បោស​សម្អាត​» ​របស់​យោធា​អាច​ត្រូវ​បាន ​«​ធ្វើ​ឡើង​ដោយ​ការ​រំលោភ​សិទ្ធិ​មនុសុ្ស​ទាំង​ស្រុង​ប្រឆាំង​ក្រុម​ជន​ស៊ីវិល​​»​ ដោយ​បាន​ថ្លែង​អំពី​​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​ ដែល​រង​ការ​ចោទ​ប្រកាន់​ប្រឆាំង​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​កាល​ពី​ឆ្នាំ ​២០១៧​។​

បទ​បញ្ជា​ឲ្យ​បិទ​អ៊ីនធឺណិត ​ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​ក្រោម​ច្បាប់​ទូរគមនាគមន៍​របស់​ប្រទេស មីយ៉ាន់ម៉ា​ ដែល​​បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​​ក្រុម​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ទាំង​អស់​នៅ​ទូទាំង​ប្រទេស៕ AFP/SK