បុរី​ញូវយ៉ក៖​ អ្នក​នាំពាក្យ​អង្គការ​សហប្រជាជាតិ​​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ខណៈ​ការ​រៀបចំ​ការ​​បែង​ចែក​ជំនួយ​សម្រាប់​រដូវ​រងារ ​កំពុង​ដំណើរ​ការ​សម្រាប់​​ផ្តល់​ដល់​ជន​ភៀស​ខ្លួន​ស៊ីរី​ប្រហែល ​៩ ​សែន​នាក់ ​ដែល​បាន​ចាកចេញ​ពី​ផ្ទះ​សំបែង​របស់​ពួក​គេ​ដោយសារ​សង្គ្រាម​នោះ ​អង្គការ​នេះ ត្រូវ​ការ​ជំនួយ​ជា​ទឹក​ប្រាក់​​​ប្រមាណ ​៣២​ លាន​ដុល្លារ​​។​

អ្នក​នាំពាក្យ​ឲ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​របស់​លោក​ អានតូនីញ៉ូ​ ហ្គាតឺររ៉េស​ គឺ​លោក​ ស្ទេបហ្វេន ​ឌូចារិក ​បាន​ថ្លែង​ថា៖​ «​មនុស្ស​ប្រហែល ​៩ ​សែន​នាក់ ​នៅ​​ស៊ីរី​ភាគពាយព្យ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ប្រាក់​ពី​អ្នក​ផ្តល់​ជំនួយ​សម្រាប់​រដូវ​រងា​នៅ​ឆ្នាំ​នេះ​» ​«​ទោះបី​​ជា​យ៉ាង​ណា​ក៏​ដោយ​ គឺ​មាន ​៤០ ​ភាគរយ ​នៃ​ចំនួន​​ទឹក​ប្រាក់​ប្រហែល ​៣២ ​លាន​ដុល្លារ ​ដែល​នៅ​តែ​ត្រូវ​ការ​ចាំ​បាច់​បន្ថែម​ទៀត​»​។​

លោក​ ឌូចារិក​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន ​នៅ​ឯ​សន្និសីទ​កាសែត​ជា​ប្រចាំ​មួយ​ថា​ យុទ្ធនាការ​បែង​ចែក​ជំនួយ​សម្រាប់​រដូវ​រងា​ បាន​ផ្តល់​សម្លៀក​បំពាក់ ​ភួយ​ ម៉ាស៊ីន​កម្តៅ​ ចង្ក្រាន​ ម៉ាស៊ីន​កម្តៅ​ប្រើ​ឥន្ទនៈ​ ពូក​ កម្រាល​ព្រំ​ និង​កម្រាល​ប្លាស្ទិក ​ជូន​ដល់​ពួក​គេ​ដែល​ត្រូវ​ការ​ជា​ចាំបាច់​ សម្រាប់​រដូវ​រងា​នៅ​ពេល​ខាង​មុខ​​។​

លោក​បាន​ថ្លែង​ថា​ UN បាន​អំពាវនាវ​ឲ្យ​ក្រុម​ដៃ​គូ​ទាំង​អស់​ ត្រូវ​ធានា​ការ​ការពារ​ក្រុម​ជន​ស៊ីវិល​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល​ និង​អនុញ្ញាត​ឲ្យ​មាន​ប្រតិបត្តិការ​ឆ្លើយ​តប​រដូវ​រងា ​ដើម្បី​អនុវត្ត​ដោយ​សុវត្តិភាព​ គ្មាន​ការ​​រារាំង​ និង​ត្រូវ​ទៅ​ឲ្យ​ដល់​ពួក​គេ​ដែល​ត្រូវ​​ការ​ជំនួយ​នោះ​។​

លោកស្រី​ មីលីសសា​ ហ្វ្លីមីង​ ​អ្នក​នាំពាក្យ​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន ​UN (UNHCR) ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​៖ «​លក្ខខណ្ឌ​រដូវ​រងា​នៅ​​ស៊ីរី​អាច​​ត្រជាក់​ខ្លាំង​ ជា​ពិសេស​នៅ​ទី​ជនបទ​»៕ Xinhua/SK