ក្រុង​ឡាប៉ាស៖ ​មន្ត្រី​ម្នាក់​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ដោយ​រង​ការ​ប៉ះពាល់​ដោយ​អំពើ​ហិង្សា​​តាម​ដង​ផ្លូវ​ការ​កង្វះ​ស្បៀង​អាហារ​នោះ​ ប្រេសិត​ពិសេស​ម្នាក់​របស់​អង្គការ​សហប្រជាជាតិ​ កំពុង​ជំរុញ​ឲ្យ​ប្រធានាធិបតី​បណ្តោះ​អាសន្ន​ស្វ័យ​ប្រកាស​ប្រទេស ​បូលីវី ​និង​ក្រុម​អ្នក​គាំទ្រ​របស់​មេ​ដឹកនាំ​ដែល​បាន​និរទេស​ខ្លួន​ឯង ​គឺ​លោក​ អ៊ីវ៉ូ​ មូរ៉ាល់ស៍​ ​ចាប់​ផ្តើម​ចរចា​ជុំវិញ​ការ​ដោះ​ស្រាយ​វិបត្តិ​មួយ​ដោយ​សន្តិវិធី​ ដែល​​​បាន​បណ្តាល​ឲ្យ​​មនុស្ស ​២៣​ នាក់​ស្លាប់​។​

រដ្ឋមន្ត្រី​របស់​ប្រធានាធិបតី​លោក ​Jerjes Justiniano​ បាន​ថ្លែង​ថា ​ការ​ចរចា​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ប្រេសិត​ពិសេស ​គឺ​លោក ​Jean ​Arnault ​នឹង​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​សមាជិក​សភា​មក​ពី​គណបក្ស​នយោបាយ​របស់​លោក​ មូរ៉ាល់ស៍​ ជា​ក្រុម​រួបរួម​គ្នា​ និង​ក្រុម​តំណាង​របស់​មេ​ដឹកនាំ​បណ្តោះ​អាសន្ន ​គឺ​លោកស្រី​ Jeanine ​Anez ​នឹង​ត្រូវ​បាន​សម្របសម្រួល​ដោយ​អង្គការ​សហប្រជាជាតិ​ និង​ព្រះវិហារ​កាតូលិក​ក្រុង​រ៉ូម​។​ មិន​មាន​កាល​បរិច្ឆេទ​ច្បាស់​លាស់​ត្រូវ​បាន​កំណត់ ​ដើម្បី​កិច្ច​ពិភា​ក្សា​នោះ​នៅ​ឡើយ​ទេ​។​

លោក​ស្រី ​Anez ​ដែល​បាន​ប្រកាស​ខ្លួន​ឯង​ថា ​ជា​ប្រធានាធិបតី​ ក្រោយ​ពី​លោក ​មូរ៉ាល់ស៍ ​បាន​លាលែង​ពី​តំណែង​កាល​ពី​ថ្ងៃទី ​១០ ​ខែ​វិច្ឆិកា​ ក្រោយ​ពី​មាន​ការ​តវ៉ា​អស់​ជា​ច្រើន​សប្តាហ៍​ប្រឆាំង​លោក ​មូ​រ៉ាល់ស៍ ​ជុំវិញ​ជម្លោះ​លទ្ធផល​​ឆ្នោត​នោះ​ បាន​ថ្លែង​ថា​ អាទិភាព​របស់​លោកស្រី​គឺ​ធ្វើ​ឲ្យ​ប្រទេស ​បូលីវី ​មាន​សន្តិភាព ​និង​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ថ្មី​នៅ​ក្នុង​រយៈពេល ​៣ ​ខែ​ទៀត​។

ក្រុម​អ្នក​គាំទ្រ​របស់​លោក ​មូរ៉ាល់ស៍​ ដែល​បាន​ចេញ​តាម​ដង​ផ្លូវ​ ក្រោយ​ពី​លោក​បាន​លាលែង​ពី​តំណែង ​ស្ថិត​នៅ​ក្រោម​សម្ពាធ​ពី​យោធា​នោះ​ គឺ​កំពុង​ទាមទារ​ឲ្យ​មេ​ដឹកនាំ​វិល​ត្រឡប់​មក​វិញ​ ដែល​ជា​ប្រធានាធិបតី​ដំបូង​របស់​ប្រទេស ​បូលីវី​។​

ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​សុក្រ ​បាន​បង្ក​ឲ្យ​ក្រុម​កសិករ​ដាំ​ដើម​កូកា​ដែល​បាន​គាំទ្រ​លោក ​មូ​រ៉ាល់ស៍ ​៩ ​នាក់​ស្លាប់ ​ហើយ​បាន​ឈាន​ទៅ​រក​ការ​ដាក់​ឱសានវាទ​មួយ​ ចេញ​ពី​ក្រុម​អ្នក​តវ៉ា​ឲ្យ​លោកស្រី Anez ​ចុះ​ចេញ​ពី​តំណែង​ និង​ដក​កងកម្លាំង ​ដែល​បាន​កំពុង​រាំង​ខ្ទប់​ពួក​គេ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​កណ្តាល​ទីក្រុង​កូចាបាមម៉ា​នៅ​ជិត​ទីក្រុង​សាកាបា​នោះ​ចេញ​។​

យោង​តាម​ការិយាល័យ​ប្រធានាធិបតី​បូលីវី​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​យ៉ាង​តិច ​២៣ ​នាក់​​ស្លាប់​ តាំង​ពី​វិបត្តិ​នេះ​បាន​ផ្ទុះ​ឡើង​៕ Yahoo News/SK