ក្រុង​ហ្សឺ​ណែវៈ អ្នកស៊ើបអង្កេត​អង្គការសហប្រជាជាតិ​ម្នាក់ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា កម្រិត​នៃ​អំពើ​សាហាវ​ព្រៃផ្សៃ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​យោធា​មីយ៉ាន់ម៉ា​ប្រឆាំង​នឹង​ជន​ភាគ​តិច​រ៉ូហ៊ីងយ៉ា ពិបាក​យល់​ណាស់ ជាមួយ​នឹង​របាយ​ការណ៍​មិន​អំណោយ​ផល ដែល​បាន​ធ្វើការ​អំពាវ​នាវ​ឲ្យ​ក្រុម​ឧត្តម​សេនីយ៍​ជាន់​ខ្ពស់​ត្រូវ​បាន​គេ​កាត់​ទោស​ពី​បទ​ប្រល័យ​ពូជ​សាសន៍។

លោក Marzuki Darusman ដែល​ដឹកនាំ​បេសកកម្ម​ស្វែងរក​ការពិត​នៅក្នុង​ការ​រំលោភ​បំពាន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ថា៖ «វា​ពិត​ជា​ពិបាក​យល់​ពី​កម្រិត​នៃ​អំពើ​ព្រៃ​ផ្សៃ​នៃ​កិច្ច​ប្រតិបត្តិការ​នៅ​ខេត្ត Tatmadaw ដែល​នេះ ពិត​ជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវិត​ជន​ស៊ីវិល​ឡើយ។

លោក បានបង្ហាញ​របាយការណ៍ ៤៤៤ ទំព័រ ដែល​លាត​ត្រដាង​ពី​ព័ត៌មាន​លម្អិត​គួរ​ឲ្យ​រន្ធត់​នៃ​ការ​រំលោភ​បំពាន​ប្រព្រឹត្ត​ដោយ​យោធា​មាន​អំណាច​នៅ​មីយ៉ាន់ម៉ា ជា​ពិសេស​ប្រឆាំង​នឹង​ក្រុម​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា។

ការបង្ក្រាប​យ៉ាង​សាហាវ​ព្រៃផ្សៃ​របស់​យោធា​កាលពី​ឆ្នាំ​ទៅបាន​បង្ខំ​ឲ្យ​រ៉ូហ៊ីងយ៉ា ៧០ ម៉ឺន​នាក់​រត់​ភៀស​ខ្លួន​ឆ្លង​ព្រំដែន​ទៅ​ប្រទេស​បង់ក្លាដែស។ ការ​ទាមទារ​រក​យុត្តិធម៌ មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។

កងទ័ព​មី​យ៉ាន់​ម៉ា បា​នបដិសេធ​រាល់​កំហុស​ទាំង​អស់យ៉ាង​ដាច់អហង្ការ ដោយ​បាន​បញ្ជាក់​ថា យុទ្ធនាការ​របស់​ខ្លួន មាន​ភាព​ត្រឹម​ត្រូវ ក្នុង​ការ​បង្ក្រាប​ក្រុម​អ្នក​បះបោរ ដែល​បាន​ធ្វើការ​វាយ​ប្រហារ​ទៅ​លើ​ប៉ុស្តិ៍​នានា​តាម​ព្រំដែន​នៅ​ក្នុង​ខែ​សីហា ឆ្នាំ ២០១៧។

ប៉ុន្តែ​ក្រុម​អង្គការ​សហ​ប្រជាជាតិ បាន​និយាយថា យុទ្ធវិធី​របស់​យោធា​ពិតជា​មិន​សមរម្យ​ចំពោះ​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​នោះ​ទេ។

​ក្រុមជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ាភៀសខ្លួន​ពីមីយ៉ាន់ម៉ាទៅ​ប្រ​ទេ​សបង់ក្លាដែស។ AFP

របាយការណ៍​នោះ បាន​ឲ្យ​ដឹងថា តាម​ការប៉ាន់ប្រមាណ​មនុស្ស​ប្រហែល​មួយ​ម៉ឺន​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​នោះ និង​ថា វា​ទំនង​ជា​តួលេខ​នោះ​តិច​តួច​ទេ។

នៅ​បទ​បង្ហាញ​របស់លោក​កាលពី​ថ្ងៃ​អង្គា​រលោក Darusman បានបញ្ជាក់​លម្អិត​អំពី​ការសម្លាប់​រង្គាល​នៅ​ក្នុង​ភូមិ​រ៉ូហ៊ីងយ៉ា​ជា​ច្រើន ដោយ​បាន​ធ្វើការ​ពិពណ៌នា​អំពី​របៀប​ដែល​ប្រជាជន​មិន​អាច​គេច​ខ្លួន ត្រូវ​បាន​ប្រមូល​ផ្តុំ និង​ត្រូវ​ចាប់​បំបែក​ដោយសារ​ភេទ។ «បុរសៗ ត្រូវ​បាន​គេ​សម្លាប់​ជា​ប្រព័ន្ធ។ ក្មេងៗ​ត្រូវ​បាន​គេ​បាញ់​បោះ​ចូល​ទៅ​ក្នុង​ទន្លេ ឬ​បោះ​ចូល​ភ្លើង​កំពុង​ឆេះ»។

នៅពេល​ជាមួយគ្នា​នោះដែរ ស្ត្រី​ជាច្រើន និង​ក្មេងស្រី ត្រូវបាន​ទាហាន​ចាប់​រំលោភ​ជា​ក្រុម៕