ក្រុងវ៉ាស៊ីនតោនៈ ក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់អតីតប្រមុខការិយាល័យសន្តិសុខប្រទេស ស៊ូដង់ ពីបទធ្វើទារុណកម្មកាលពីថ្ងៃពុធ ហើយបានដាក់បម្រាមលើរូបលោកមិនឲ្យជាន់ទឹកដីអាមេរិក។
លោក សាឡាហ៍ ហ្គូស បានដឹកនាំការិយាល័យសន្តិសុខ និងចារកម្មជាតិ (NISS) របស់ប្រទេស អាហ្វ្រិកមួយនេះ រហូតដល់លោកបានលាលែងពីតំណែងកាលពីខែ មេសា ឆ្នាំ ២០១៩ រយៈពេល ២ ថ្ងៃ ក្រោយពីក្រុមប្រឹក្សាយោធាបានឡើងកាន់អំណាច ហើយបានទម្លាក់ប្រធានាធិបតីលោក អូមារ អាល់-បាសៀរ របស់ប្រទេស ស៊ូដង់ ក្រោយពីមានការតវ៉ាដោយប្រជាជនអស់រយៈពេលជាច្រើនខែមកហើយនោះ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានថ្លែងថា ការិយាល័យរបស់លោក «បានផ្តល់ព័ត៌មានគួរឲ្យជឿជាក់ថា លោក សាឡាហ៍-ហ្គូស បានជាប់ពាក់ព័ន្ធនៅក្នុងការធ្វើទារុណកម្ម នៅអំឡុងពេលលោកកាន់តំណែងជាប្រមុខ NISS»។
លោក ប៉ុមប៉េអូ បានថ្លែងថា លោក ហ្គូស ដែលមានឈ្មោះពេញថា សាឡាហ៍ អាប់ដាលឡាហ៍ ម៉ូហាម៉ាដ សាឡិហ៍ ត្រូវបានដាក់បម្រាមមិនឲ្យឈានជើងចូលទឹកដីអាមេរិកជាដាច់ខាត នៅក្នុងនោះមានភរិយា និងកូនស្រីរបស់លោកផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ប៉ុមប៉េអូ បានថ្លែងថា៖ «យើងបានចូលរួមជាមួយប្រជាជនស៊ូដង់នៅក្នុងការអំពាវនាវឲ្យរដ្ឋាភិបាលធ្វើការផ្លាស់ប្តូរមួយ ដែលត្រូវប្រគល់អំណាចដោយស្មោះត្រង់ទៅឲ្យស៊ីវិលគ្រប់គ្រងជំនួសវិញ និងដោះស្រាយការខ្វែងគំនិតគ្នា ដែលកើតចេញពីរបបរបស់លោក បាសៀរ នោះ ហើយជាពិសេសអំពីការការពារសិទ្ធិមនុស្សជាដើម»។
លោក សាឡាហ៍ ហ្គូស គឺជាវិស្វករម្នាក់ធ្វើការឲ្យ NISS៕ AFP/SK