ក្រុង​វ៉ាស៊ីនតោនៈ ​ក្រសួង​ការ​បរទេស​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ អាមេរិក​ ស្វះស្វែង​រក​ឲ្យ​មាន​​ការ​លុប​បំបាត់​កម្មវិធី​អាវុធ​ប្រល័យ​លោក​របស់​កូរ៉េ​ខាង​ជើង​ ដែល​បាន​ចាប់​ផ្តើម​ជាមួយ​នឹង​ការ​ឈប់​ផលិត​អាវុធ​របស់​ពួក​គេ​ទាំង​ស្រុង​​។​

ការ​អត្ថាធិប្បាយ ​បាន​កើត​ឡើង​នៅ​មុន​​ការ​បន្ត​ការ​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង​ជុំវិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ហើយ​អាច​បង្ហាញ​ពី​ការ​​បើក​ចំហ​របស់​អាមេរិក​ ដើម្បី​អនុវត្ត​វិធានការ​មួយ​​ជំហាន​ម្តងៗ ​ដែល​​ឈាន​ទៅ​រក​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​នោះ។​

តួនាទី​របស់​អាមេរិក​នៅ​ក្នុង​ការ​ចរចា​កាល​ពី​ពេល​ថ្មីៗ​នេះ​ ជាមួយ​កូរ៉េ​ខាង​ជើង​ បាន​ផ្តោត​ទៅ​លើ​ការ​លុប​បំបាត់​កម្មវិធី​នុយក្លេអ៊ែរ​ និង​មីស៊ីល​ទាំង​អស់​របស់​របប​នេះ​ នៅ​មុន​​ការ​ដក​ទណ្ឌកម្ម។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​លោកស្រី​​ Morgan Ortagus​ បាន​ថ្លែង​នៅ​អំឡុង​ពេល​ធ្វើ​សន្និសីទ​មួយ​ថា​៖ «​ជាក់​ស្តែង​ណាស់​ យើង​ចង់​ឃើញ​មាន​ការ​លុប​បំបាត់​អាវុធ​ប្រល័យ​លោក​​ទាំង​ស្រុង​នៅ​ប្រទេស ​កូរ៉េ​ខាង​ជើង​»​។ «​ខណៈ​ប្រធានាធិបតី​បាន​ថ្លែង​ជា​ច្រើន​ដង ​លោក​សង្ឃឹម​ថា​ លោក​ គីម​ ជុង​អ៊ុន ​និង​ប្រជាជន​កូរ៉េ​ខាង​ជើង​ចង់​ឃើញ​អនាគត​ និង​ចក្ខុវិស័យ​ដ៏​ភ្លឺស្វាង​ ដែល​លោក​បាន​ផ្តល់​ឲ្យ​ប្រជាជន​របស់​លោក​​»។​

ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ និង​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ គីម ​ជុង​អ៊ុន​ បាន​ឯកភាព​គ្នា​នៅ​ឯ​ជំនួប​កំពូល​ដំបូង​របស់​ពួក​គេ ​នៅ​ប្រទេស ​សិង្ហបុរី ​កាល​ពី​ខែ​មិថុនា​ឆ្នាំ ​២០១៨ ​ដើម្បី​ឈាន​ទៅ​រក​ការ​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​នៅ​ឧបទ្វីប​កូរ៉េ ​ជា​ថ្នូរ​ទៅ​នឹង​ការ​ធានា​សន្តិសុខ​ឲ្យ​ក្រុង​ព្យុងយ៉ាង​។​

ប៉ុន្តែ​ជំនួប​កំពូល​លើក​ទី​២ ​របស់​ពួក​គេ ​នៅ​ប្រទេស ​វៀតណាម ​កាល​ពី​ខែ​កុម្ភៈ ​បាន​បញ្ចប់​ដោយ​គ្មាន​ចុះ​កិច្ច​ព្រមព្រៀង​អ្វី​ឡើយ៕ ​Yonhap/SK