ក្រុងហ្សឺណែវ៖ ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​បាន​ព្រមាន​ថា ​ការ​អះអាង​ពី​ករណី​ឆ្លង​វីរុស​កូរ៉ូណា​​​ ដែល​ចម្លង​​ដោយ​មនុស្ស​​​មិន​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ប្រទេស ​ចិន ​អាច​ជា​ភ័ស្តុតាង​ជាក់​ស្តែង​នៃ​បញ្ហា​​​ដ៏​ធ្ងន់ធ្ងរ​។

ការ​អធិប្បាយ​របស់ លោក តេ្រដូស​ អាដហាណុម ហ្គេប្រ៊ីយេស៊ុស បាន​កើត​ឡើង ខណៈសមាជិក​នៃ​បេសកកម្ម​របស់​អ្នក​ជំនាញ​អន្តរជាតិ​ដឹកនាំ​ដោយ​ ​WHO បាន​ហោះហើរ​ទៅ​កាន់​ក្រុង​ប៉េកាំង​​កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ជួយ​​សម្របសម្រួល​ការ​ឆ្លើយ​តប​មួយ​ទៅ​នឹង​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​ដែល​រហូត​មក​ទល់​ពេល​នេះ​ បាន​ឆ្លង​ដល់​មនុស្ស​​ជាង ​៤ ​ម៊ឺន​នាក់ ​និង​ស្លាប់ ​៩០៨ ​នាក់​ នៅ​ក្នុង​ប្រទេស ​ចិន​។

លោក ​ហ្គេប្រ៊ីយេស៊ុស ​បាន​សរសេរ​នៅ​លើ​គេហទំព័រ​ធ្វីធើរ​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​ប្រើ​ឈ្មោះ​វិទ្យាសាស្ត្រ​​បណ្តោះ​អាសន្ន​របស់​វីរុស​ផ្លូវ​ដង្ហើម​នេះ​ថា៖ ​«​មាន​ការ​កើត​ឡើង​នៃ​វីរុស​កូរ៉ូណា​ឆ្នាំ ​២០១៩​ ពី​មនុស្ស​ដែល​មិន​មាន​ប្រវត្តិ​ទៅ​ប្រទេស ​ចិន ​ទាល់​តែ​សោះ​»​។

«ការ​រក​ឃើញ​ករណី​ឆ្លង​ជា​ច្រើន ​អាច​បង្ហាញ​ឲ្យ​ឃើញ​ការ​ឆ្លង​រាលដាល​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​ដោយ​និយាយ​ឲ្យ​ខ្លី​នោះ​យើង​អាច​មើល​ឃើញ​ពី​ភ័ស្តុតាង​ជាក់​ស្តែង​នៃ​បញ្ហា​ដ៏​​ធ្ងន់ធ្ងរ​»​។​​

ខណៈ​ដែល​វីរុស​នេះ​បាន​រាលដាល​នៅ​ក្រៅ​ប្រទេស ​ចិន ​ហាក់​ដូច​ជា​យឺត ​លោក ​ហ្គេប្រ៊ីយេស៊ុស​ បាន​ព្រមាន​ថា​​​​វា​អាច​រាល​ដាល​លឿន​។​

អ្នក​ដំណើរ​​ស្លៀក​ពាក់​ឈុត​ការពារ​ចុះចេញ​ពី​​យន្តហោះ​នៅ​មូលដ្ឋាន​ទ័ព​អាកាស Istres-Le Tube។ AFP

លោក​បាន​ថ្លែង​ថា៖ ​«ការ​ទប់ស្កាត់​នៅ​តែ​ជា​កម្មវត្ថុ​របស់​យើង ​ប៉ុន្តែ​ប្រទេស​ទាំង​អស់​ត្រូវ​តែ​ប្រើប្រាស់​ឱកាស​ដែល​បង្កើត​ឡើង​ដោយ​យុទ្ធសាស្ត្រ​ទប់ស្កាត់ ​ត្រូវ​ត្រៀម​សម្រាប់​លទ្ធភាព​វីរុស​នេះ​មក​ដល់»។​​

នៅ​ក្រៅ​ប្រទេស ​ចិន​ដី​គោក ​មាន​អ្នក​ឆ្លង​ជាង ​៣៥០ ​ករណី ​ដែល​ត្រូវ​បាន​រាយការណ៍​នៅ​ជិត ​៣០ ​កន្លែង​។ មាន​អ្នក​ស្លាប់ ​២ នាក់​ ម្នាក់​នៅ​ក្នុង​ប្រទេស ហ្វីលីពីន​ និង​ម្នាក់​ទៀត​នៅ​ក្នុង​ក្រុង​ហុងកុង​។ ​​

ប្រទេស​ជា​ច្រើន​បាន​ហាមប្រាម​មិន​មាន​មនុស្ស​ចូល​មក​ពី​ប្រទេស ​ចិន ​ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ បាន​ផ្អាក​ជើង​ហោះហើរ​ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​បាន​លុប​ចោល​ជើង​ហោះហើរ​របស់​ខ្លួន​ខ្លះ​ទៅ​​អាមេរិក​។ ​​

លោក ​ហ្គេប្រ៊ីយេស៊ុស​ បាន​ថ្លែង​បេសកកម្ម​ដឹកនាំ​ដោយ ​WHO ​ទៅ​កាន់​ប្រទេស​ ចិន ​កំពុង​ត្រូវ​បាន​​​ដឹកនាំ​ដោយ​លោក Bruce Aylward ​ជា​អ្នក​ជំនាញ​នៃ​ទីភ្នាក់ងារ​សុខភាព​មុនៗ​។ លោក​ Aylward ​បាន​តាម​ដាន​ការ​ឆ្លើយ​របស់ ​WHO ​នៅ​ក្នុង​ឆ្នាំ ​២០១៤-២០១៦ ​ទៅ​នឹង​ការ​រាល​ដាល​មេរោគ​អេបូឡា ​នៅ​ក្នុង​អាហ្វ្រិក​​ខាង​លិច​។

WHO ​បាន​និយាយ​ថា ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ​មាន​ករណី​ឆ្លង​ថ្មី​មាន​នៅ​ប្រទេស ​ចិន ​មាន​ចំនួន​ថេរ​។ ប៉ុន្តែ​​ទីភ្នាក់ងារ​ថា​ UN​ ក្រើន​រំឭក​ថា​ត្រូវ​រាយ​ការណ៍​ឲ្យ​បាន​ឆាប់​ បើ​សិន​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​​៕ AFP/PSA