ក្រុងហ្ស៊ឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ជាថ្មីម្តងទៀតអំពីការអំពាវនាវរបស់ខ្លួនកាលពីថ្ងៃអង្គារ ចំពោះប្រទេសខ្លះ មិនបានដាក់កំហិតការធ្វើដំណើរ ដែលអាចបង្កឲ្យមាន «ការព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងប្រទេសពួកគេ» ដោយបានស្នើសុំឲ្យបណ្តាប្រទេសមួយចំនួនមានប្រាក់ចំណូលខ្ពស់ ចែករំលែកព័ត៌មានឲ្យបានល្អប្រសើរជាងមុន នៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការផ្ទុះមេរោគកូរ៉ូណាប្រភេទថ្មីដ៏ចម្លែកនេះ។
នៅក្នុងកិច្ចប្រជុំលើកទី ១៤៦ នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិអង្គការសុខភាពពិភពលោក នៅក្នុងទីក្រុងហ្ស៊ឺណែវ អគ្គនាយកអង្គការសុខភាពពិភពលោកលោក តេ្រដូស អេដហាណូម ហ្គឺប្រីយេស៊ូស បានប្រកាសថា កិច្ចប្រជុំស្រាវជ្រាវសកលមួយនឹងរៀបចំធ្វើឡើងនៅសប្តាហ៍ក្រោយ ដើម្បីបង្ហាញអំពីអាទិភាពស្រាវជ្រាវនៅក្នុងតំបន់ផ្ទុះមេរោគផ្លូវដង្ហើមទាំងអស់នោះ ដោយបានបង្ហាញអំពីប្រភពវីរុស ដើម្បីជំរុញឲ្យមានវ៉ាក់សាំង និងវិធីព្យាបាលជំងឺនេះផងដែរ។
លោក តេដ្រូស អេដហាណូម ហ្គឺប្រីយេស៊ូស បានថ្លែងថា៖ «នេះ គឺជាការប្រកាសអាសន្នលើកទី ១ និងមុនគេរបស់ប្រទេស ចិនដីគោក» ដោយបានបញ្ជាក់ថា មាន ៩៩ ភាគរយនៃករណីទាំងនេះនៅក្នុងប្រទេស ចិន ហើយចំនួនអ្នកស្លាប់មាន ៩៧ ភាគរយនៅក្នុងខេត្តហឺប៉ី។
ខណៈមានការជឿជាក់ថា អង្គការសុខភាពពិភពលោកកំពុងបន្តធ្វើការងារយ៉ាងយកចិត្តទុកដាក់ ជាមួយរដ្ឋាភិបាលចិនប្រឆាំងការផ្ទុះមេរោគផ្លូវដង្ហើមនោះ លោក តេដ្រូស អេដហាណូម ហ្គឺប្រីយេស៊ូសបានថ្លែងថា ក្រុមអ្នកជំនាញអន្តរជាតិកំពុងធ្វើដំណើរទៅប្រទេស ចិន ដើម្បីស្វែងយល់ឲ្យបានល្អប្រសើរជាងមុន និងដឹកនាំឆ្លើយតបសកលប្រឆាំងទៅនឹងការផ្ទុះមេរោគកូរ៉ូណាប្រភេទថ្មីចម្លែកនោះ។
ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងនោះ អង្គការសុខភាពពិភពលោក បានប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងពាក្យចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយនៅអំឡុងពេលផ្ទុះមេរោគ ដើម្បីធានាឲ្យមនុស្សទាំងអស់ទទួលបានព័ត៌មានត្រឹមត្រូវគួរឲ្យទុកចិត្ត ដើម្បីការពារពួកគេឲ្យបានល្អប្រសើរជាងមុនបន្ថែមទៀត។
លោក តេដ្រូស បានអំពាវនាវថា៖ «ខ្ញុំមានសំណើសំខាន់ ៣ សម្រាប់ក្រុមបណ្តាប្រទេសជាសមាជិក»។
ដូច្នេះប្រទេសជាសមាជិកទាំងអស់ត្រូវចែករំលែកព័ត៌មានលម្អិតអំពីការផ្ទុះមេរោគកូរ៉ូណាថា ជាផ្នែកនៃការទទួលខុសត្រូវរបស់ពួកគេស្ថិតនៅក្រោមច្បាប់សុខាភិបាលអន្តរជាតិ៕ Xinhua/SK