ក្រុង​អាល់​នូម៉ែនៈ ​ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​ ក្រុម​ជីហាដ​ និង​សម្ព័ន្ធមិត្ត​ក្រុម​ឧទ្ទាម​ បាន​ដក​​ចេញ​ពី​តំបន់​សំខាន់​មួយ​នៃ​ប្រទេស ​ស៊ីរី​ភាគ​ពាយព្យ​ ខណៈ​កងកម្លាំង​របស់​ប្រធានាធិបតី ​លោក​ បាសារ​ អាល់​-អាសាដ ​បាន​បើក​យុទ្ធនាការ​វាយ​លុក​ទ្រង់ទ្រាយ​ធំ​​ប្រឆាំង​ក្រុម​ជីហាដ​​​​ដែល​​គ្រប់គ្រង​​​តំបន់​មួយ​​នៅ​ក្នុង​ខេត្ត​អ៊ីដលីប។

ប្រទេស ​តួកគី ​បាន​ព្រមាន​ថា​ ក្រុង​ដាម៉ាស ​«​កុំ​ប្រឡែង​លេង​ជាមួយ​ភ្លើង​ឲ្យ​សោះ​»​ ក្រោយ​ពី​បាន​ឃើញ​ក្រុម​សកម្ម​ប្រយុទ្ធ​របស់​រដ្ឋាភិបាល​ បាន​រុល​ទៅ​មុខ​ ហើយ​ស្ទើរ​តែ​បាន​ឡោមព័ទ្ធ​ទឹក​ដី​មួយ​ផ្នែក​នៃ​តំបន់​​ជនបទ​ដ៏​ធំ​ នៅ​ក្នុង​នោះ​ មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​របស់​តួកគី​​​មួយ​កន្លែង​​ដែរ​។​

ក្រោយ​ពី​សង្គ្រាម​ស៊ីវិល​ បាន​កើត​ឡើង​រយៈ​ពេល ​៨ ​ឆ្នាំ​ តំបន់​នៃ​ខេត្ត​អ៊ីដលីប​នៅ​តាម​ព្រំដែន​ជាមួយ​​ប្រទេស ​តួកគី ​នោះ​ គឺ​ជា​ទីតាំង​ឈរ​ជើង​សំខាន់​ចុង​ក្រោយ​របស់​ក្រុម​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​លោក ​អាសាដ ​គាំទ្រ​ដោយ​រុស្ស៊ី​។ ​

ចាប់​តាំង​ពី​ខែ​មករា​ តំបន់​ខេត្ត​អ៊ីដលីប​​នេះ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​ Hayat Tahrir al-Sham ​ដែល​បាន​ដឹកនាំ​ដោយ​ក្រុម​ជីហាដ​មក​ពី​អតីត​ក្រុម​អាល់កៃដា​នៅ​ស៊ីរី​។​

ក្បួន​រថយន្ត​យោធាតួកគីបើក​ឆ្លង​កាត់​ខេត្ត​អុីដលីប​ឆ្ពោះ​ទៅក្រុង​Khan Sheikhun​កាល​ពី​ថ្ងៃទី១៩ខែសីហា។ AFP

តំបន់​ដែល​មាន​មនុស្ស​រស់នៅ​ប្រហែល ​៣ ​លាន​នាក់​នោះ​ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ​នឹង​ត្រូវ​បាន​ការពារ​ដោយ​កិច្ច​ព្រមព្រៀង​តំបន់​សន្តិភាព​ ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​កញ្ញា​ដោយ​ក្រុងម៉ូស្គូ ​និង​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​ក្រុង​អង់ការ៉ា​ ប៉ុន្តែ​កងកម្លាំង​រដ្ឋាភិបាល​ និង​រុស្ស៊ី​បាន​កំណត់​គោលដៅ​យក​តំបន់​នេះ​ ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំងក្លា​ ចាប់​តាំង​ពី​ខែ​មេសា​ ដោយ​​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ជាង​ ៨៨០ ​នាក់​ បាត់បង់​ជីវិត​។​

ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ កង​កម្លាំង​របប​ស៊ីរី ​បាន​រំកិល​ទៅ​មុខ​បន្តិច​ម្តង​ទៅ​កាន់​ទីតាំង​ឈរ​ជើង​ភាគ​ខាង​ត្បូង​នោះ​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី​ មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​ថ្លែង​ថា ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ថ្មីៗ​នេះ​ កាល​ពី​ថ្ងៃ​អង្គារ​ ក្រុម​សកម្ម​ប្រយុទ្ធ​ប្រឆាំង​លោក ​អាសាដ​ បាន​ដក​ថយ​ចេញ​ពី​ក្រុង​ Khan-Sheikhun ​និង​ទី​ជនបទ​ឆ្ពោះ​ទៅ​​ទីតាំង​ឈរ​ជើង​របស់​ខ្លួន​នៅ​ភាគ​ខាង​ត្បូង​វិញ​​។​

ក្រុម​សមាជិក​ការ​ពារស៊ី​វិល​​ស៊ី​រី ​(មួក​ស) ​កំពុង​សែង​អ្នក​រង​របួស​​ពី​គំនរ​បាក់​ប​ែករង​ការវាយប្រហារ​នៅខេត្ត​អុីដលីប។ AFP

ប្រមុខ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លោក​ រ៉ាមី ​អាប់ឌែល​ រ៉ាហ៍ម៉ាន់ ​បាន​ថ្លែង​ប្រាប់ ​AFP ​ថា​ ការ​ដក​ថយ​នោះ​ គឺ​មាន​បំណង​ដក​ចេញ​ពី​ចំណុច​ត្រួត​ពិនិត្យ​របស់​តួកគី​មួយ​កន្លែង​ នៅ​ជិត​ក្រុង​ម៉ូរិក​ និង​នៅ​ជុំវិញ​ភូមិ​​​ដែល​​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​។​

លោក​បាន​ថ្លែង​ថា​ ផ្លូវ​ទាំង​អស់​​នៅ​ក្នុង​តំបន់​នោះ​ត្រូវ​បាន​​គ្រប់គ្រង​ដោយ​កងកម្លាំង​របស់​​រដ្ឋាភិបាល​ ​នៅ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​គ្នា​​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា ​កាល​ពី​ថ្ងៃ​អង្គារ​ ជន​ស៊ីវិល ​១២ ​នាក់​ នៅ​ក្នុង​នោះ​មាន​ក្មេង ​៣ ​នាក់​ទៀត​បាន​ស្លាប់​ នៅ​ក្នុង​ការ​វាយ​ប្រហារ​គ្នា​នៅ​តាម​កន្លែង​ខ្លះ​នៃ​ខេត្ត​អ៊ីដលីប​ភាគ​អាគ្នេយ៍​ ចំណែក​មនុស្ស​​ ​​៩ ​នាក់​​ផ្សេង​ទៀត​​បាន​ស្លាប់ ​ក្នុង​ការ​វាយ​ប្រហារ​ផ្លួវ​អាកាស​របស់​​រុស្ស៊ី​៕ AFP/SK