ក្រុង​ដាម៉ាស៖ ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​សាណា​ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ កងកម្លាំង​អាមេរិក​នៅ​ប្រទេស ​ស៊ី​រី​ បាន​ដឹក​ជញ្ជូន​ស្ត្រី​ក្រុម​រដ្ឋ​អ៊ិស្លាម​ជាង ​១ ៥០០ ​នាក់ ​ចេញ​ពី​ប្រទេស ​ស៊ី​រី ​ទៅ​កាន់​ទឹក​ដី​ប្រទេស ​អ៊ី​រ៉ាក់​ ចាប់​តាំង​ពី​ប្រទេស ​តួក​គី បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​ស៊ី​រី​ភាគ​ខាង​ជើង ​កាល​ពី​ថ្ងៃ​ទី ​៩​ ខែ​តុលា​។

ទីភ្នាក់ងារ​សាណា​បាន​ថ្លែង​ថា ​នៅ​ពេល​កងកម្លាំង​អាមេរិក​កំពុង​ដក​ចេញ​ពី​ប្រទេស ​ស៊ី​រី​ភាគ​ខាង​ជើង ​ជា​បន្ត​បន្ទាប់​ដោយសារ​​ប្រទេស ​តួក​គី​ បាន​វាយ​ប្រហារ​ទៅ​លើ​ក្រុម​យុទ្ធជន​ឃើដ​ ហើយ​រហូត​មក​ទល់​ពេល​នេះ​ កងកម្លាំង​អាមេរិក​បាន​នាំ​យក​ស្ត្រី​ក្រុម​រដ្ឋ​អ៊ិស្លាម​ជាង ​១ ៥០០ ​នាក់​ ចេញ​ពី​ជំរំ​អាល់ហ៊ូល​ នៅ​ខេត្ត​ហាសាកាហ៍​ភាគ​ឦសាន​ទៅ​កាន់​ប្រទេស ​អ៊ីរ៉ាក់​។​

ជំរំ​អាល់-​ហ៊ូល ​បាន​បង្កើត​ជា​ជម្រក​មួយ​សម្រាប់​ដាក់​មនុស្ស​រាប់​ម៉ឺន​នាក់​ នៅ​ក្នុង​នោះ​មាន​ក្រុម​ស្ត្រី​ និង​យុទ្ធជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ិស្លាម​ជា​ច្រើន​ ដែល​កាល​ពី​ពេល​កន្លង​ទៅ​កំពុង​រត់​ភៀស​ខ្លួន​ទៅ​កាន់​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​រដ្ឋ​អ៊ិស្លាម ​នៅ​ប្រទេស ​ស៊ីរី​ភាគ​ខាង​កើត​។​

ជំរំ​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដឹកនាំ​ដោយ​ក្រុម​ឃើដ​ ដែល​បាន​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​​ ជាមួយ​ក្រុម​ជីហាដ​នៅ​ស៊ីរី​ភាគ​ខាង​កើត​ ដោយ​មាន​ការ​គាំទ្រ​របស់​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​​។​

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ចាប់​តាំង​ពី​តួក​គី​បាន​ធ្វើ​យុទ្ធនាការ​គំរាម​កំហែង​យូរ​មក​ហើយ​ប្រឆាំង​កង​កម្លាំង​ឃើដ​ ដែល​ត្រូវ​បាន​ក្រុង​អង់ការ៉ា​ចាត់​ទុក​ថា ​ជា​ក្រុម​ភេរវករ​ និង​ក្រុម​បំបែក​ខ្លួន​ US បាន​ចាប់​ផ្តើម បោះបង់​តួនាទី​ខ្លួន​ និង​ដក​កម្លាំង​ទៅ​អ៊ីរ៉ាក់​៕ Xinhua/SK