ក្រុង​ហ្ស៊េរុយសាឡិម៖ កងទ័ព​បាន​និយាយ​​ថា កងម្លាំង​អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ទៅ​លើ​ទីតាំង​ឈរ​ជើង​ជា​ច្រើន​របស់​ក្រុម​ហាម៉ាស​ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ​ក្រោយ​ពី​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​នៅ​ដែនដី​ប៉ាឡេស្ទីន​បាន​បាញ់​រ៉ុក្កែត​ ១ គ្រាប់ ​ទៅ​លើ​រដ្ឋ​ជ្វីហ្វ។​

សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ពី​កងទ័ព​បាន​ឲ្យ​ដឹង​ថា៖ «យន្តហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​ បាន​យក​ទីតាំង​ភេរវកម្ម​ជា​ច្រើន​កន្លែង​របស់​ក្រុម​ហាម៉ាស​នៅ​តំបន់​ហ្គាហ្សា​​ភាគ​ខាង​ត្បូង​​ជា​គោលដៅ​ដោយ​បាន​បញ្ជាក់​ថា​​ កន្លែង​ហឹ្វកហាត់​មួយ​របស់​ក្រុម​ហាម៉ាស​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​យោធា​ក៏​ត្រូវ​​បាន​បញ្ចូល​នៅ​ក្នុង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​នោះ​ដែរ​»។ ​

មិន​មាន​របាយការណ៍​អំពី​អ្នក​ស្លាប់​ និង​របួស​ ឬ​ក៏​ការ​ខូចខាត​ពី​តំបន់​ហ្គាហ្សា​ទេ​។

ការ​យប់​ថ្ងៃ​អាទិត្យ ​រ៉ុក្កែត​មួយ​គ្រាប់​ត្រូវ​បាន​គេ​បាញ់​ចេញ​ពី​តំបន់​ហ្គាហ្សា​ទៅ​លើ​អ៊ីស្រាអែល​ភាគ​ខាង​ត្បូង​ ដោយ​បាន​នាំ​ឲ្យ​មាន​សំឡេង​ស៊ីរ៉ែន​វាយ​ប្រហារ​ផ្លូវ​អាកាស​រោទិ៍​ឡើង ​និង​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​ភ័យ​ខ្លាច​ទៅ​រក​ជម្រក​ការពារ​ពី​គ្រាប់​ផ្លោង​។ ​

អ្នក​នាំពាក្យ​នៃ​ក្រុម​ប្រឹក្សា​នៅ​ក្នុង​តំបន់​នៃ​តំបន់​ហ្សាអារហា​ណេហ្គេវ​នៅ​ភាគ​ពាយព្យ​នៃ​តំបន់​ហ្គាហ្សា​​បាន​និយាយ​ថា​ គ្រាប់​រ៉ុក្កែត​នោះ​បាន​ធ្លាក់​ចំ​វាល​លម្ហ​មួយ​យ៉ាង​ច្បាស់​ក្រឡែត។

ការ​វាយ​ប្រហារ​របស់​ប៉ាឡេស្ទីន​បាន​កើន​ឡើង​ចាប់​តាំង​ពី​ថ្ងៃទី ​២៨​ ខែ​មករា ​មក នៅ​ពេល​លោក​ប្រធានាធិបតី​ ​ដូណាល់ ​ត្រាំ បាន​បង្ហាញ​ទស្សន​របស់​លោក​ដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល-​ប៉ាឡេស្ទីន​ជា​ផែនការ​មួយ​ ដែល​ត្រូវ​បដិសេធ​យ៉ាង​ដាច់​ខាត​ ដោយ​ក្រុម​មេ​ដឹកនាំ​ប៉ាឡេស្ទីន​ ទាំង​នៅ​ក្នុង​តំបន់​វ៉េសប៊ែង​ និង​ហ្គាហ្សា៕ AFP/PSA