ក្រុង​ប៉ារីស៖​ ក្រុម​​អ្នក​ធ្វើដំណើរ​បារាំង​នឹង​ប្រឈម​មុខ​ក្នុង​ការ​ធ្វើ​ដំណើរ​គួរ​ឲ្យ​ឈឺ​ចាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​រថភ្លើង​ និង​ក្រុម​បុគ្គលិក​រថភ្លើង​ក្រោម​ដី​ នឹង​បន្ត​ធ្វើ​កូដកម្ម​ជាមួយ​ក្រុម​សហជីព​កម្មករ​ ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​កម្លាំង​គ្រប់គ្រាន់ ​ដើម្បី​ធ្វើ​ឲ្យ​ប្រធានាធិបតី​បារាំង​លោក​ អេម៉ានុយអែល​ ម៉ាក្រុង ​ពិចារណា​ធ្វើ​កំណែ​ទម្រង់​ប្រាក់​សោធន​និវត្តន៍​របស់​លោក​ឡើង​វិញ​។​

អ្នក​នាំពាក្យ​អយស្ម័យយាន​របស់​ក្រុមហ៊ុន ​SNCF ​គឺ​លោកស្រី​ អាហ្គនី អូហ្គឺរ ​បាន​ថ្លែង​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​៖ «នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នឹង​មាន​ផល​វិបាក​យ៉ាង​ខ្លាំង​ ​បណ្តាញ​ការងារ​នឹង​ត្រូវ​បាន​រំខាន​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​យើង​នឹង​បើក​ឲ្យ​បម្រើ​សេវា​រថភ្លើង​ប្រហែល ​១០ ​ភាគរយ​ប៉ុណ្ណោះ​»​។​

លោកស្រី​បាន​បន្ថែម​ថា​៖ «​យើង​បាន​ស្នើ​ឲ្យ​អតិថិជន​របស់​យើង​លុប​ចោល​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​ ឬ​ឲ្យ​ពួក​គេ​ពន្យារ​ពេល​ ប្រសិន​បើ​ពួក​គេ​យល់​ព្រម​​»​។​

នៅ ​«ថ្ងៃ​ព្រហស្បតិ៍​ពណ៌​ខ្មៅ​» ​មាន​រថភ្លើង​ល្បឿន​លឿន​ត្រឹម​តែ ​១០ គ្រឿង​ប៉ុណ្ណោះ ​ត្រូវ​ធ្វើ​ប្រតិបត្តិការ​ ហើយ​រថភ្លើង​ក្នុង​តំបន់ ​១០ ​ភាគរយ ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ដំណើរការ​តាម​ធម្មតា​។​

យោង​តាម​ក្រុមហ៊ុន ​SNCF បាន​ឲ្យ​ដឹង​ថា​ រថភ្លើង​ជិត​ពាក់​កណ្តាល​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ​Eurostar​ ជា​ញឹកញាប់ ​ត្រូវ​បាន​លុប​ចោល​ ហើយ​មាន ​១ ​ភាគ ​៣ ​ប៉ុណ្ណោះ ​ដែល​ក្រុមហ៊ុន​ដឹក​ជញ្ជូន ​Thalys ​បាន​បើក​ឲ្យ​បម្រើ​សេវាកម្ម ​រវាង​ក្រុង​ប៉ារីស ​និង​ក្រុង​ប៊្រុចសែល ​នឹង​ធ្វើ​ប្រតិបត្តិការ​ដឹក​អ្នក​ដំណើរ​តាម​ធម្មតា​។​

រថភ្លើង​ក្រោម​ដី​នៅ​ក្រុង​ប៉ារីស​កំពុង​កក​ស្ទះ​យ៉ាង​ខ្លាំង​ ដោយ​មាន​រថភ្លើង​ចំនួន ​១១ ​ក្នុង​ចំណោម ​១៦ ​ខ្សែ ​នៅ​ក្នុង​ទីក្រុង​មួយ​នេះ ​ត្រូវ​បាន​បិទ​កាល​ពី​ថ្ងៃទី ​៥ ​ខែ​ធ្នូ​៕ Xinhua/SK