ក្រុងវ៉ាមេណាៈ រដ្ឋមន្ត្រីនៃ ក្រសួងសាធារណការ បានថ្លែងកាលពីថ្ងៃអង្គារថា ឥណ្ឌូនេស៊ី កំពុងស៊ើបអង្កេតលើរបាយការណ៍ ដែលថា កម្មករសំណង់ ៣១ នាក់ ត្រូវបានបាញ់សម្លាប់ ដោយក្រុមឧទ្ទាមបំបែកខ្លួននៅក្នុងខេត្តប៉ាពួខណៈលោកបានផ្អាកការសាងសង់នៅតំបន់នោះ។
ប្រសិនបើការសម្លាប់ទាំងនោះ ត្រូវបានបញ្ជាក់ត្រឹមត្រូវនោះ វានឹងក្លាយទៅជាអំពើហិង្សា ដែលបណ្តាលឲ្យមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប៉ុន្មានឆ្នាំនេះ និងយាយីតំបន់ដែលស្ថិតនៅចំកណ្តាលនៃការបះបោរមានកម្រិតទាប។
រដ្ឋមន្ត្រីក្រសួងសាធារណការ លោក Budi Hadimuljono បានថ្លែងប្រាប់អ្នកកាសែតនៅក្នុងក្រុងហ្សាការតាថា៖ «យើងមានការភ័យតក់ស្លុតយ៉ាងខ្លាំង នៅពេលបានឮរបាយការណ៍ទាំងនោះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ»។
លោក បានបន្ថែមថា៖ «ការងារទាំងអស់នៅក្នុងតំបន់នេះនឹងត្រូវបានផ្អាក បន្ទាប់ពីមាន ឧប្បត្តិហេតុបាញ់សម្លាប់»។
លោកបានថ្លែងថា និយោជិតនៃក្រុមហ៊ុនម៉ៅការរបស់រដ្ឋឈ្មោះ Istaka Karya កំពុងសាងសង់ស្ពាន និងផ្លូវថ្នល់ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ដ៏ក្រីក្រមួយនេះ។
ដោយបានដកស្រង់សម្តីប៉ូលិសតំបន់ម្នាក់នោះ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ី បានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា កម្មករទាំងនោះ ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងស្រុក Nduga ជាស្រុកមួយនៅចំកណ្តាលតំបន់ដាច់ស្រយាលភាគខាងលិចកោះប៉ាពួអាស៊ី ភាគខាងជើងអូស្ត្រាលី។
តាមការរាយការណ៍ ការបាញ់សម្លាប់កម្មករទាំងនោះត្រូវបានធ្វើឡើងដោយក្រុមឧទ្ទាម ដែលដឹកនាំការបះបោរប្រឆាំងការគ្រប់គ្រងរបស់ក្រុងហ្សាការតា៕