ស្រុកមែសៃៈ ក្រុមអ្នកជួយសង្រ្គោះជួបការលំបាកខ្លាំងក្នុងការជម្លៀសសមាជិក ១៣ នាក់នៃក្រុមបាល់ទាត់យុវជនថៃ ដែលត្រូវបានរកឃើញនៅរស់ក្នុងរូងភ្នំ រយៈពេល ៩ ថ្ងៃក្រោយពីពួកគេបានបាត់ខ្លួនខណៈស្បៀងអាហារ និងថ្នាំពេទ្យត្រូវបានបញ្ជូនទៅដល់ពួកគេដោយឆ្លងកាត់ទឹកភក់កាលពីថ្ងៃអង្គារ។
ក្មេងប្រុសជំទង់ ១២ នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេត្រូវបានរកឃើញស្គមស្គាំង និងស្រេកឃ្លានខ្លាំងនៅលើទួលភក់មួយ ដែលព័ទ្ធជុំវិញដោយទឹកកាលពីល្ងាចថ្ងៃចន្ទ ដោយបានបញ្ចប់ការរុករកយ៉ាងវក់វីដែលនាំឲ្យមានការចាប់អារម្មណ៍លើប្រទេសនេះយ៉ាងខ្លាំងនោះ។
ប៉ុន្តែការផ្តោតការយកចិត្តទុកដាក់ ត្រូវបានបង្វែរទៅការងារដ៏លំបាកអំពីថាតើជម្លៀសពួកគេចេញពីរូងភ្នំ ដែលលិចទឹកឲ្យមានសុវត្ថិភាពដោយ វិធីណា?
ស្បៀងអាហារ និងការផ្គត់ផ្គង់ថ្នាំពេទ្យដែលត្រូវការយ៉ាងខ្លាំងនៅក្នុងនោះមានជេលមានកាឡូរីខ្ពស់ និងថ្នាំប៉ារ៉ាបានទៅដល់ពួកគេ ហើយកាលពីថ្ងៃអង្គារ ខណៈក្រុមអ្នកជួយសង្រ្គោះត្រៀមខ្លួនសម្រាប់រយៈពេលយូរក្នុងកិច្ចប្រតិបត្តិការនាំយកពួកគេចេញពីរូងភ្នំប្រកបដោយសុវត្ថិភាព។
យោធាថៃបាននិយាយថាខ្លួនកំពុងផ្តល់អាហារ និងមេរៀនមុជទឹក រយៈពេលច្រើនខែ ដល់ក្មេងៗទាំងនោះ ដើម្បីជួយយកពួកគេចេញរូងភ្នំ Tham Luang ដែលលិចទឹកនៅភាគខាងជើងជោកជាំដោយទឹកជំនន់នៃភ្លៀងរដូវវស្សានៅក្នុងប្រទេសនេះ។
លោកវរសេនីយ៍ឯក Anand Surawan បានថ្លែងថា៖ «យើងនឹងត្រៀមបញ្ជូនស្បៀងអាហារបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ដល់ពួកគេយ៉ាងហោចណាស់ក៏ ៤ ខែដែរ និងបង្រៀនពួកគេឲ្យចេះមុជទឹក ខណៈកំពុងបន្តបង្ហូរទឹកនោះចេញពី រូងភ្នំនោះ។
លោក បានបដិសេធមិននិយាយថា តើពួកគេអាចជាប់នៅក្នុងរូងនោះយូរប៉ុនណាទេ?
អភិបាលខេត្តឈៀងរ៉ៃលោក Narongsak Osottanakorn បានថ្លែងកាលពីថ្ងៃអង្គារថា៖ «យើងបានចាត់ទុកថាបេសកកម្មរុករកនេះប្រហែលជាមិនអាចទៅរួចទេ ដោយសារភ្លៀងរៀងរាល់ថ្ងៃ បណ្តាលឲ្យទឹកជន់ខ្លាំង ប៉ុន្តែដោយយើងមានការតាំងចិត្តខ្ពស់នោះ ទីបំផុតយើងបានរកឃើញពួកគេ»។
ខាងក្រោមនេះ គឺជាឧបសគ្គធំៗក្នុងការជម្លៀសក្មេងទាំងនោះ ចេញពីរូងភ្នំដែលលិចទឹកៈ ក្មេងទាំងអស់នោះ ស្គមស្គាំងគ្មានកម្លាំងធ្វើដំណើរ ផ្នែកនៃរូងភ្នំត្រូវលិចទឹកទាំងស្រុង ភ្លៀងរដូវវស្សាធ្លាក់ជាបន្តបន្ទាប់ ខ្វះបទពិសោធក្នុងការមុជទឹកមានចម្ងាយពី ៨០០ ម៉ែត្រទៅ ១០០០ ម៉ែត្រខាងក្រោមផ្ទៃរាប៕