ក្រុង​ខារទុំៈ ​មនុស្ស ​៧ ​នាក់​ បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ក្រុម​អ្នក​តវ៉ា​ស៊ូដង់​រាប់​លាន​នាក់ ​បាន​ឡើង​​ទៅ​តាម​ដង​ផ្លូវ​ ដើម្បី​ទាមទារ​ឲ្យ​ជន​ស៊ីវិល​គ្រប់គ្រង​អំណាច​ជំនួស​វិញ​ ជា​​ការ​ប្រមូល​ផ្តុំ​ទ្រង់ទ្រាយ​ធំ​​លើក​ទី​១ ​ចាប់​​​តាំង​ពី​មាន​ការ​បង្ក្រាប​ដោយ​បង្ហូរ​ឈាម​ទៅ​លើ​ក្រុម​បាតុករ​រយ​ក៏​ជា​ការ​បង្ហាញ​អំណាច​នៅ​តាម​ដង​ផ្លូវ​​ ទោះ​បី​ជា​មាន​ការ​ដាក់​ពង្រាយ​កង​កម្លាំង​យ៉ាង​ច្រើន​ក្រាស់ក្រែល​ដោយ​ក្រុម​ឧត្តមសេនីយ៍​យោធា​ក្តី​។​

ក្បួន​បាតុកម្ម ​«​មាន​បុរស​រាប់​លាន​នាក់​ចូលរួម​​»​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ការ​ធ្វើ​តេស្ត​​សម្រាប់​ក្រុម​អ្នក​រៀបចំ​ការ​តវ៉ា​ទាំង​នោះ​ ក្រោយ​ពី​ការ​ទាមទារ​ឲ្យ​​ផ្នែក​ស៊ីវិល​គ្រប់គ្រង​អំណាច​ជំនួស​វិញ​ត្រូវ​​រង​ការ​ប៉ះពាល់​ដោយ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី ​៣ ​ខែ ​មិថុនា​​​ ទៅ​លើ​ក្រុម​អ្នក​តវ៉ា​នៅ​ក្រុង​ខារទុំ ​និង​មាន​ផ្តាច់​អ៊ីនធើណិត​ជា​បន្ត​បន្ទាប់ ​ដែល​បាន​ទប់ស្កាត់​​សមត្ថភាព​របស់​ពួក​គេ​មិន​ឲ្យ​​ប្រមូល​ផ្តុំ​គ្នា​​។​

បាតុករ​រាប់​សិប​នាក់ ​បាន​ស្លាប់​ និង​រាប់​រយ​នាក់​ផ្សេង​ទៀត​​រងរបួស​ នៅ​ពេល​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ឯក​សណ្ឋាន​យោធា​ បាន​វាយ​ប្រហារ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​កាល​ពី​ថ្ងៃ​ទី ​៣​ ខែ​មិថុនា​ នៅ​ខាង​ក្រៅ​ទី​បញ្ជាការ​យោធា​ ដោយ​បាន​បាញ់ ​និង​វាយ​ដំលើ​​អ្នក​តវ៉ា ​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​នោះ​ចាប់​តាំង​ពី​ថ្ងៃ​ទី ​៦​ ខែ​ មេសា​ មក។​

អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​​ AFP ម្នាក់​បាន​រាយការណ៍​ថា ​កាល​ពី​ថ្ងៃ​អាទិត្យ​ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ ដែល​បាន​ដង្ហែ​ក្បួន​ទៅ​កាន់​វិមាន​ប្រធានាធិបតី​ ក្រោយ​ពី​ក្រុម​អ្នក​រៀបចំ​ការ​តវ៉ា​​​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ហែក្បួន​ទៅ​កាន់​អគារ​ការិយាល័យ​របស់​ក្រុមប្រឹក្សា​យោធា​ ដែល​កំពុង​គ្រប់គ្រង​អំណាច​​ប្រទេស​នេះ​ ។​

សមាគម​វិជ្ជាជីវៈ​ស៊ូដង់​ ​អំពាវនាវ​ឲ្យ​​ប្រជាជន​នៅ​រដ្ឋ​ធានី​នេះ​​ ​​ធ្វើ​ដំណើរ​ទៅ​វិមាន​សាធារណរដ្ឋ​៕ ​AFP/SK