ក្រុង​ស្រ៊ីណាហ្គារ៖​ ប្រភព​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​បាន​ថ្លែង​​ប្រាប់ ​AFP ថា តំបន់​កាស្មៀរ​បាន​មើល​ឃើញ​មាន​ការ​តវ៉ា​ជិត ​២០ ​ដង ​ក្នុង​មួយ​ថ្ងៃ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ឥណ្ឌា​រយៈពេល ​៦ ​សប្តាហ៍​ចុង​ក្រោយ​នេះ​ ថ្វី​បើ​មាន​ការ​រឹត​បន្តឹង​សន្តិសុខ ​ដើម្បី​បង្ក្រាប​ភាព​ចលាចល​ក្តី​។ ​​

ភាព​តានតឹង​នៅ​តែ​ខ្ពស់​នៅ​ក្នុង​តំបន់​ហិមាល័យ​ ដែល​មាន​ជម្លោះ​ក្រោយ​ពី​ការ​សម្រេច​ចិត្ត​ដ៏​ចម្រូងចម្រាស​របស់​ក្រុង​ញូវដែលី​កាល​ពី​ខែ​មុន ​ដើម្បី​ដក​ឋានៈ​ពាក់​កណ្តាល​ស្វយ័ត​​​មាន​អាយុ​កាល​ជា​ច្រើន​ទសវត្សរ៍​ពី​ដែន​ដី​នេះ​។

ប្រភព​នោះ​បាន​ប្រាប់ ​AFP កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា ​ថ្វី​បើ​មាន​បម្រាម​គោចរ​ការ​រឹត​បន្តឹង​​លើ​ការ​ធ្វើ​ដំណើរ​ និង​ការ​កាត់​ផ្តាច់​សេវា​ទូរស័ព្ទ ​និង​អ៊នធឺណិត​ការ​តវ៉ា​ជា​សាធារណៈ​ប្រឆាំង​នឹង​ឥណ្ឌា ភាគ​ច្រើន​នៅ​ក្នុង​ក្រុង​ស្រ៊ីណាហ្គារ​ មាន​ជា​ប្រចាំ​។

ប្រភព​ដដែល ​បាន​និយាយ​ថា​ សរុប​ទាំង​អស់​មាន​ការ​តវ៉ា ​៧២២ ​ដង​ ចាប់​តាំង​ពី​ថ្ងៃទី ​៥ ​ខែ ​សីហា ​ដោយ​ស្រុក ​Baramulla នៅ​ភាគ​ឦសាន​ និង​ស្រុក​ Pulwama​ នៅ​ភាគ​ខាង​ត្បូង ​គឺ​ជា​កន្លែង​ក្តៅ​បំផុត​បន្ទាប់​ពី​ក្រុង​ស្រ៊ីណាហ្គារ​។

យោង​តាម​ប្រភព​នោះ​បាន​ឲ្យ​ដឹង​ថា ​ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក​ ជន​ស៊ីវិល​ជិត ​២០០ ​នាក់ ​និង​កម្លាំង​សន្តិសុខ​ ៤១៥ នាក់ ​បាន​រង​របួស​៕ AFP/PSA ​