ស្រុកមែសៃៈ ក្រុម​អ្នក​ជួយសង្គ្រោះ​ដែល​បាន​ទៅដល់​ជួប​ក្មេង​មួយក្រុម​ដែល​ជាប់​នៅ​ក្នុង​រូង​លិច​ទឹក​នោះ និយាយ​ថា ការ​រក​ឃើញ​ពួកគេ គឺជា​ផ្នែក​ងាយ​ស្រួល ប៉ុន្តែ​ ការ​ជម្លៀស​ក្មេង​ទាំង​អស់​នោះ​ចេញ​មក​ក្រៅ​ដោយ​សុវត្ថិភាព​នោះ គឺជា​ឧបសគ្គ​ពិត​ប្រាកដ។

មិនមាន​ដំណោះស្រាយ​ធម្មតា​សម្រាប់​ក្មេងប្រុស ១២ នាក់ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ដែល​កំពុង​ត្រូវ​បាន​ចិញ្ចឹម​បីបាច់ ដោយ​ក្រុម​អ្នក​មុជ​ទឹក​យោធា​ថៃ និង​ក្រុម​អ្នក​ជំនាញ​ជួយ​សង្គ្រោះ​នៅ​ក្រោម​ដី​អន្តរជាតិ​នោះ​ទេ។

ផ្លូវ​ត្រឡប់​ទៅកាន់​ច្រកចូល​ឆ្ងាយ កន្លុកកន្លៀត និង​ផ្នែក​ខ្លះ​លិច​ទឹក​បាត់។ ក្មេង​ខ្លះ​ក្នុង​ចំណោម​ពួកគេ​មិន​ចេះ​ហែល​ទឹក ហើយ​ពួកគេ​ទាំង​អស់ ខ្សោយ​កម្លាំង​ដោយសារ​នៅ​ក្រោម​ដី ១២ យប់​ទៅ​ហើយ។

នេះ គឺជា​ជម្រើស​ដែល​ក្រុម​ជួយសង្គ្រោះ​កំពុង​ពិចារណា​ដើម្បី​យក​ពួកគេ​ទៅ​ជួប​ក្រុម​គ្រួសារ​របស់​ពួកគេ។

បូមទឹក​ចេញ​អស់ នេះ គឺជា​ជម្រើស​មាន​សុវត្ថិភាព ប៉ុន្តែ​ត្រូវការ​ពេល​យូរ ប្រហែល​ជា​ច្រើន​ខែ។ ក្រុម​វិស្វករ​ជប៉ុន បាន​ជួយ​ផ្តល់​ប្រព័ន្ធ​បូមទឹក ដែល​អាច​ធ្វើ​ឲ្យ​ទឹក​ស្រក ១ សង់​ទីម៉ែត្រ​ក្នុង ១ ម៉ោង។

ប្រសិនបើ​ពួកគេ​បន្ត​បូម​ទៅទៀត​ប្រហែល​អាចធ្វើ​ឲ្យ​ទឹក​ស្រក​ល្មម​ក្មេង​ទាំងនោះ​ដើរ​ចេញ​ពី​រូងភ្នំ​បាន។ បញ្ហា គឺ​អាកាសធាតុ។ ភ្លៀង​ធ្លាក់​ខ្លាំង ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ធ្លាក់​នៅ​ប្រទេស​ថៃ​ភាគ​ខាងជើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​នេះ ដោយ​ហូរ​កាត់​ភ្នំ និង​ធ្វើ​ឲ្យ​រូង​ភ្នំ​នោះ​មាន​ទឹក​ពេញ​យ៉ាង​ឆាប់​រហ័ស។

លោក Bill Whitehouse នៃ​ក្រុម​ប្រឹក្សា​ជួយ​សង្គ្រោះ​រូងភ្នំ​នៅ​អង់គ្លេស​បាន​ថ្លែង​ប្រាប់​ទូរទស្សន៍ BBC ថា​ការ​បូមទឹក​នៅ​រដូវ​វស្សា​មិន​ងាយ​ស្រួល​ទេ៕