ក្រុង​សេអ៊ូលៈ ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ លោក​ ចន​បូលតុន ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ការ​បាញ់​តេស្ត​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នា​ពេល​ថ្មីៗ​រំលោភ​លើ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ដែល​​ហាម​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​ មិន​ឲ្យ​បាញ់​សាក​អាវុធ​ទេ​។ ​

សារព័ត៌មាន​ Reuters ​បាន​រាយការណ៍​ថា​ លោក​បាន​ថ្លែង​នៅ​ឯ​សន្និសីទ​កាសែត​មួយ​នៅ​ក្រុង​តូក្យូ​នៅ​មុន​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​ទៅ​កាន់​ប្រទេស ​ជប៉ុន​។

លោក បូលតុន​ ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​និយាយ​ថា ​ការ​បាញ់​តេស្ត​មីស៊ីល ​រំលោភ​លើ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក ​ចន​ បូលតុន ថ្លែង​នៅ​សេតវិមាន​នា​ពេល​កន្លង​ទៅ​​។ រូប​ថត Yonhap

កូរ៉េ​ខាង​ជើង ​​បាន​បាញ់​មីស៊ីល ​២ ​គ្រាប់ ​ចូល​ក្នុង​សមុទ្រ​ខាង​កើត ​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍​ផង​ កាល​ពី​ដើម​ខែ​ នៅ​ក្នុង​នោះ​​មាន​មីស៊ីល​ចម្ងាយ​ជិត ​២ ​គ្រាប់ ​ជា​ការ​បង្ហាញ​ពី​កំហឹង​យ៉ាង​ច្បាស់​ជុំវិញ​ការ​ចរចា​អំពី​បញ្ហា​លុប​បំបាត់​អាវុធ​នុក្លេអ៊ែរ​ជាមួយ​នឹង​អាមេរិក ​ដែល​បាន​ជាប់​គាំង​នោះ​។ ​​​

មាន​ការ​វាយ​តម្លៃ​មិន​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ពី​ក្រុង​សេអ៊ូល ​និង​ក្រុង​វ៉ាស៊ីនតោន​ជុំវិញ​ពី​របៀប​ចាត់​ចំណាត់​ថ្នាក់​​នៃ​ការ​បាញ់​មីស៊ីល​ទាំង​អស់​នោះ​។

ខណៈ​ដែល​យោធា​កូរ៉េ​ខាង​ត្បូង ​មិន​ទាន់​បាន​កំណត់​ប្រភេទ​មីស៊ីល​​​ជា​ផ្លូវ​ការ​នោះ​ ​​មុន​នេះ មន្ទីរ​បញ្ច​កោន ​បាន​​ហៅ​មីស៊ីល​ដែល​បាញ់​ ជា​មីស៊ីល​បាលីស្ទិក ដែល​ត្រូវ​ហាម​ប្រាម​នៅ​ក្រោម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ​លោក​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ចន បូលតុន​ បាន​ថ្លែង​ថា ​អាមេរិក​នៅ​តែ​មាន​ឆន្ទៈ​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង​ និង​ថា​ស្រេច​តែ​លោក​មេ​ដឹកនាំ ​គីម​ជុងអ៊ុន ​ទេ​៕ Yonhap/PSA​