ក្រុងកាត់ថ្មាន់ឌូៈ ប៉ូលិសនេប៉ាល់ បាននិយាយថា បុរស ៤ នាក់ បានស្លាប់ និង ៧ នាក់ រងរបួសនៅក្នុងការផ្ទុះគ្រាប់បែក ៣ កន្លែងដាច់ដោយឡែក ពីគ្នានៅក្នុងក្រុងកាត់ថ្មាន់ឌូ កាលពីថ្ងៃអាទិត្យ។
ភ្លាមៗនោះ គ្មានការអះអាងទទួលខុសត្រូវទេ ប៉ុន្តែប៉ូលិសបាននិយាយថា ពួកគេ បានសង្ស័យថា មានការពាក់ព័ន្ធជាមួយក្រុមបំបែកខ្លួនម៉ៅនិយមដែលខិត្តប័ណ្ណជាច្រើនសន្លឹករបស់ពួកគេ ត្រូវបានរកឃើញនៅក្នុងផ្ទះមួយខ្នង ជាទីដែលគ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងនោះ។
ផ្ទុះគ្រាប់បែកដ៏ខ្លាំងក្លាមួយនៅក្នុងហាងមួយ បានបង្កឲ្យមនុស្ស ៣ នាក់ ស្លាប់ និង ៤ នាក់ផ្សេងទៀត រងរបួស ខណៈដែលគ្រាប់បែកផ្ទុះនៅផ្ទះមួយទៀតប្រហែល ៤ គីឡូម៉ែត្រ ពីទីនោះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់រងរបួស។
មនុស្ស ២ នាក់ទៀត រងរបួសនៅពេលគ្រាប់បែកមួយគ្រាប់ទៀត ដែលដឹកតាមម៉ូតូមួយគ្រឿងនៅជាយក្រុងកាត់ថ្មាន់ឌូបានផ្ទុះឡើង។
កងកម្លាំងសន្តិសុខ ក៏បានបំផ្ទុះគ្រឿងផ្ទុះនៅក្នុងតំបន់ផ្សេងៗទៀតដែរ។
អ្នកនាំពាក្យប៉ូលិស លោក Bishwa Raj Pokharel បានថ្លែងប្រាប់ AFP ថា៖ «យើងកំពុងស៊ើបអង្កេតលើការផ្ទុះគ្រាប់បែកទាំងនោះ និងរឹតបន្តឹងសន្តិសុខ៕ AFP/PSA