ក្រុង​សេ​អ៊ូ​លៈ ការិយាល័យ​ប្រធានាធិបតី​បាន​ឲ្យ​ដឹង​កាល​ពីថ្ងៃ​​ចន្ទ​ថា ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ គឺជា​ប្រធាន​បទ​សំខាន់​ក្នុង​របៀប​វារៈ នៃ ជំនួប​របស់​លោក​មូន ជេអ៊ីន នៅ​ពេល​ដែល​លោក​ចូលជួប​ជាមួយ​នឹង​មេ​ដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង​នៅ​សប្ដាហ៍​នេះ។

លោក​មូ​ន នឹងធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​កូរ៉េខាងជើង​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​លើក​ទី ៣ ជាមួយ​នឹង​លោក​គីម នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ប្រសើរ​ឡើង​នៃ​ទំនាក់​ទំនង​ការទូត​នៅ​លើ​ឧបទ្វីប​កូរ៉េ ទោះបី​ជា​ភាព​ល្អ​ប្រសើរ​បាន​ធ្វើ​ឲ្យ​កិច្ច​ពិភាក្សា​នៃ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​រវាង​ក្រុង​ព្យុងយ៉ាង និង​វ៉ាស៊ីនតោន បាន​ជាប់​គាំង​ក្ដី។

លោក Im Jongseok នាយសេនាធិកា​របស់លោក​មូ​ន បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ថា៖ «យើង​នឹង​ជំរុញ ឲ្យ​មាន​ការ​បោះ​ជំហាន​ទៅ​មុខ​នៃ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​វិធានការ​ឆ្លើយ​តប​គ្នា​ទៅ​វិញ​ទៅ​មក​ពី​សំណាក់​អាមេរិក​តាមរយៈ​ការ​បង្កើត​ឡើង​វិញ​នូវ កិច្ច​ពិភាក្សា ដែល​ផ្ដោត​ទៅ​លើ​ការ​បង្កើត​ទំនាក់​ទំនង​ថ្មី ដោយ​សន្តិភាព​មួយ»។

លោក​មូ​ន ដែល​បាន​ជួប​ជាមួយ​នឹង​លោក​គីម ២ ដង​មកហើយ​នោះ គឺជា​អ្នក​សម្រប​សម្រួល​ក្នុង​កិច្ច​ប្រជុំ​នៅ​សិង្ហបុរី​រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុងអ៊ុន កាល​ពី​ខែ​មិថុនា ខណៈ​ដែល​ពេល​នោះ​លោក​គីម ជុងអ៊ុន បាន​គាំទ្រ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

ប៉ុន្តែ​គ្មាន​ការងារ​លម្អិត​ត្រូវបាន​ព្រមព្រៀង​នឹង​គ្នា​ហើយ​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង​នៅ​តែ​ស្រពេច​ស្រពិល​អំពី​មធ្យោបាយ និង​របៀប​ក្នុង​ការ​សម្រេច​ឲ្យ​បាន​គោល​បំណង​នោះ​ដែរ៕