ក្រុង​បេរូតៈ​ ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​​របស់​​ក្រុម​ជីហាដ ​២ ​ក្រុម​ ​បាន​បណ្តាល​ឲ្យ​​​យុទ្ធ​ជន​គាំទ្រ​​របប​​ស៊ីរី​យ៉ាង​តិច ​២២ ​នាក់ ​ស្លាប់​​ នៅ​ខេត្ត​អាឡិបប៉ូ​ភាគ​ខាង​ជើង​ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​។​

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ស៊ីរី​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​និយាយ​ថា​ មនុស្ស ​៣០ ​នាក់​ផ្សេង​ទៀត​បាន​រង​របួស ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​អតីត​សាខា​ក្រុម​អាល់កៃដា​នៅ​ស៊ីរី ​គឺ​ក្រុម​ Hayat Tahrir al-Sham (HTS) ​និង ​ក្រុម​ Hurras al-Deen ​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ ដែល​នៅ​មាន​​ទំនាក់​ទំនង​ជា​មួយ​បណ្តាញ​ក្រុម​ជីហាដ​នៅ​ទូទាំង​សកល​លោក​នោះ​។​

ប្រមុខ​​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ​ លោក​ Rami Abdel Rahman បាន​ថ្លែង​ថា ការ​​​ប្រយុទ្ធ​គ្នា​​​​នៅ​​​​តាម​ជនបទ​នៃ​​ខេត្ត​​អាឡិបប៉ូ​ភាគខាងត្បូង​​ និង​​​​​និរតី​​នោះ​​ ​បាន​​បើក​កា​រវាយ​ប្រហារ​រយៈពេល​យ៉ាង​ខ្លី​ ​​​ក្រោយ​ពី​ពាក់​កណ្តាល​​អាធ្រាត្រ​ ហើយ​​បាន​​បង្ក​ឲ្យ​​មាន​​​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​លើក​ ​​ដែល​បាន​​បន្ត​​រហូត​ដល់​ព្រឹក​ថ្ងៃ​អាទិត្យ​​។

លោក​ Rami Abdel Rahman​ បាន​ថ្លែង​ថា ​ការ​ប្រយុទ្ធ​គ្នា​នោះ​ បាន​ស្ងប់ស្ងាត់​ទៅ​វិញ ​ក្រោយ​ពី​យន្តហោះ​ចម្បាំង​រុស្ស៊ី​បាន​វាយ​ប្រហារ​ទៅ​លើ​ ​ទីតាំង​ក្រុម​ជីហាដ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​តំបន់​នោះ​ ដោយ​បង្ខំ​ឲ្យ​ក្រុម​សកម្ម​ប្រយុទ្ធ​ទាំង​នោះ​ដក​ថយ​។​

លោក​ Rami Abdel Rahman​ បាន​ថ្លែង​ថា ​ក្រុម​ជីហាដ ​៨ ​នាក់ ​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នោះ​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​និយាយ​ទៀត​ថា​ យន្ត​ហោះ​ចម្បាំង​រុស្ស៊ី​ បាន​បើក​ការ​វាយ​ប្រហារ​នៅ​ក្បែរ​ខាង​ខេត្ត​ហាម៉ា​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​បណ្តាល​ឲ្យ​ក្រុម​ជន​ស៊ីវិល ​៥ ​នាក់​​ស្លាប់​។​

កាល​ពី​ថ្ងៃ​សុក្រ​ ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​រុស្ស៊ី​ បាន​បណ្តាល​ឲ្យ​ក្រុម​ជន​ស៊ីវិល ​១០ ​នាក់​ស្លាប់ ​នៅ​ក្នុង​ខេត្ត​អ៊ីដលីប​ ជា​ទីតាំង​គ្រប់គ្រង​ដោយ​ក្រុម​ជីហាដ៕ AFP/SK