ក្រុង​កាន់​ដាហារ:​ ក្រុម​មន្រ្តី​បាន​និយាយ​ថា​ គ្រាប់​បែក​មួយ​គ្រាប់​ដែល​ត្រូវ​បាន​ដាក់​បង្កៃ​នៅក្រោម​សាឡុង​មួយ ​បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​អាហ្វ​ហ្គា​នី​ស្ថាន ​៤ ​នាក់​ស្លាប់​នៅ​ក្នុង​នោះ​បេក្ខ​ជន​ឈរ​ឈ្មោះ​​បោះ​ឆ្នោត​ម្នាក់ ​កាល​ពី​ថ្ងៃ​ពុធ​ ខណ:​អំពើ​ហិង្សា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ​កើន​ឡើង​​នៅ​មុន​ការ​បោះ​ឆ្នោត​សភា​ នៅ​ថ្ងៃទី​ ២០ ​ខែ​តុលា​ខាង​មុខ​នេះ​។​

ក្រុម​តាលី​បង់​ បាន​ចេញ​មក​អះអាង​ទទួល​ខុស​ត្រូវ​ភ្លាមៗ​ចំពោះ​ការវាយ​ប្រហារ​នេះ​ ដែល​ធ្វើឲ្យ​ចំនួន​បេក្ខ​ជន​យ៉ាង​តិច​១០​នាក់​ស្លាប់​នៅ​ក្នុង​អំឡុង​ពេល​រដូវ​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​។

លោក​ Omar​Zhwak​ ជា​អ្នក​នាំ​ពាក្យ​អភិបាល​ខេត្ត​ បាន​ប្រាប់​ AFP​ ថា​ លោក​ Abdul​ Jabar​ Qahraman​ កំពុង​ជួប​ជា​មួយ​ក្រុម​អ្នក​គាំទ្រ​នៅក្នុង​ការិយា​ល័យ​យុទ្ធនា​ការ​របស់​លោក​នៅ​ភាគ​ខាង​ត្បូង​ខេត្ត​ Helmand​ ​ជា​បន្ទាយ​រឹង​មាំ​របស់​ក្រុម​ តាលី​បង់​ នៅ​ពេល​ដែល​មាន​គ្រាប់​បែក​មួយ​បង្កប់​នៅ​ពី​ក្រោម​សាឡុង​ បានផ្ទុះ​ឡើង​នោះ​។

លោក​ Wais​ Ahmad ​Barmak​ រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ​បាន​ថ្លែង​ប្រាប់​ក្រុមអ្នក​កាសែត​ថា ​Qahraman ​គឺ​ស្ថិត​នៅក្នុង​ចំណោម​មនុស្ស​៤នាក់​ បាន​ស្លាប់​ដោយ​សារ​ផ្ទុះគ្រាប់​បែក​នេះ​ នៅក្នុង​រដ្ឋធានី ​Lashkar​Gah​។

​លោក​បាន​បន្ថែម​ទៀត​ថា​ មនុស្ស​៧​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​រង​របួស ​ហើយ​ជន​សង្ស័យ​៣​នាក់​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន៕ AFP/SK