ក្រុងកាប៊ុលៈ ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​យ៉ាងតិច​ ៦៣ ​នាក់​បាន​ស្លាប់ និង​ ១៨២ ​នាក់​រងរបួស​នៅ​ក្នុង​ការបំផ្ទុះ​គ្រាប់បែក ដោយ​បាន​យក​ពិធី​រៀបអាពាហ៍ពិពាហ៍​មួយ​នៅក្នុង​រដ្ឋធានី អាហ្វហ្គានីស្ថាន ជា​គោលដៅ​។

ការបំផ្ទុះ​គ្រាប់បែក​ដែល​ត្រូវបាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​នៅក្នុង​ក្រុង​កាប៊ុល​ភាគ​ខាងលិច​បាន​កើតឡើង ខណៈ​ក្រុង​វ៉ាស៊ីនតោន និង​​ក្រុម​តាលីបង់ ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​មួយ ដើម្បី​កាត់បន្ថយ​វត្តមាន​យោធា​អាមេរិក​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​។ ក្រុម​តាលីបង់​បាន​បដិសេធ​ថា​មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​គ្រាប់បែក​នេះ​ទេ​។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក Nasrat Rahimi បាន​ថ្លែង​ថា​នេះ​គឺជា​ចំនួន​អ្នកស្លាប់​ដែល​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ក្រុង​កាប៊ុល​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។

លោក Rahimi បាន​និយាយ​ថា​នៅក្នុង​ចំណោម​អ្នករងរបួស​មាន​ស្ត្រី​ និង​ក្មេងៗ​។

ពិធី​រៀប​អាពាហ៍ពិពាហ៍​នៅ​អាហ្វហ្គានីស្ថាន គឺជា​កិច្ច​ការសប្បាយ​រីករាយ​ដោយ​មាន​ភ្ញៀវ​រាប់រយ​នាក់ ឬ រាប់ពាន់​នាក់​រៀបចំ​ពិធី​នៅក្នុង​រោងការ​ជា​ទី​ដែល​បុរស​តាម​ធម្មតា​ត្រូវ​បាន​បំបែក​ពី​ក្រុម​ស្ត្រី និង​ក្មេងៗ​។

លោក Mohammad Farhag ដែល​នៅ​កន្លែង​រៀបចំ​ពិធីមង្គលការ​នោះ​បាន​និយាយ​ប្រាប់​ AFP ​ថា​លោក​នៅ​ខាង​កូនក្រមុំ នៅពេល​ដែល​លោក​បានឮ​ការផ្ទុះ​យ៉ាង​ខ្លាំង​នៅ​ខាង​កូនកំលោះ​។

លោក​បាន​និយាយថា​៖ «​ភ្ញៀវ​ទាំងអស់​បាន​រត់​ក្រៅ​រោងការ​អ្នកខ្លះ​ស្រែក​ហើយ​អ្នកខ្លះ​ទៀត​យំ​»​។

«​ប្រហែល​ ២០ ​នាទី​ក្រោយមក រោងការ​នោះ​ពេញ​ដោយ​ផ្សែងខ្មៅ​ងងឹត​។ មនុស្ស​ភាគច្រើន​នៅ​ខាង​កូនកំលោះ​បាន​ស្លាប់ និង​របួស​»៕ PSA