ក្រុងបេរូតៈ ក្រុមឃ្លាំមើល បាននិយាយនៅថ្ងៃចន្ទនេះ ថា យុទ្ធជនគាំទ្ររដ្ឋាភិបាលយ៉ាងតិច ៩ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារមីស៊ីលនៅពេលរាត្រី ដែលត្រូវសង្ស័យធ្វើឡើងដោយអ៊ីស្រាអែល នៅស៊ីរីភាគខាងជើង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានចោទប្រកាន់អ៊ីស្រាអែល ជុំវិញការវាយប្រហារលើទីតាំងយោធាមួយនៅក្នុងខេត្ត អាឡិបប៉ូ កាលពីល្ងាចថ្ងៃអាទិត្យ ជាអ្វីដែលនឹងក្លាយជាការវាយប្រហារដ៏កម្ររបស់អ៊ីស្រាអែលនៅភាគខាងជើងនៃប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាននៅអង់គ្លេស បាននិយាយថា មូលដ្ឋានយោធានោះ កំពុងត្រូវបានប្រើប្រាស់ដោយសម្ព័ន្ធមិត្តស្លាប់រស់របស់របបនេះ គឺ អ៊ីរ៉ង់។
ប្រមុខក្រុមឃ្លាំមើលលោក Rami Abdel Rahman បានថ្លែងថា មីស៊ីលរបស់អ៊ីស្រាអែល បានយកមជ្ឈមណ្ឌលរបស់កងបដិវត្តន៍អុីរ៉ង់ នៅក្បែរព្រលានយន្តហោះយោធា Neirab ជាគោលដៅក្នុងការវាយប្រហារ៕ PSA