ក្រុង​បេរូតៈ​ ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា ​កាល​ពី​ថ្ងៃ​ពុធ ការ​វាយ​ប្រហារ​របស់​របប​ស៊ីរី ​បាន បណ្តាល​ឲ្យ​ជន​ស៊ីវិល ១៧ នាក់ ​និង​ក្រុម​យុទ្ធជន​សកម្មប្រយុទ្ធ​ ១១ ​នាក់​ស្លាប់​ នៅ​តំបន់​គ្រប់គ្រង​ដោយ​​ក្រុម​ជីហាដ​នៅ​ស៊ីរី​ភាគ​​ពាយព្យ​ ជា​អំពើ​ហិង្សា​ថ្មី​បំផុត​ បាន​ធ្វើ​ឲ្យ​កក្រើក​នៅ​តំបន់​ដែល​មាន​ប្រជាជន ​៣ ​លាន​នាក់​រស់​នៅ​ទីនោះ​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី ​បាន​ថ្លែង​ថា ​ជន​ស៊ីវិល ​១២ ​នាក់ ​បាន​ស្លាប់​ដោយសារ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​របប​ស៊ីរី ​ទៅ​លើ​ភូមិ​មួយ​នៅ​តំបន់​ Jabal al-​Zawiya ​នៃ​ខេត្ត​អ៊ីដលីប​ភាគ​អាគ្នេយ៍​។​

យោង​តាម​រូបភាព​របស់​កាសែត​ AFP ​បាន​ឲ្យ​ដឹង​ថា ​ការ​វាយ​ប្រហារ​នោះ​ បាន​បំផ្លាញ​ហាង​លក់​ទំនិញ ​និង​បាន​កម្ទេច​រាង​កាយ​មនុស្ស​អស់​ជា​ច្រើន​បំណែក​ ដែល​គេ​បាន​រក​ឃើញ​បំណែក​រាងកាយ​នោះ​​នៅ​ឆ្ងាយ​ពី​កន្លែង​​វាយ​ប្រហារ​​ជាង​រាប់​រយ​ម៉ែត្រ​។ ​

ក្រុម​ជួយ​សង្គ្រោះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កំពុង​ទាញ​យក​សាកសព​ទាំង​នោះ​ចេញ​ពី​ខាង​ក្រោម​គំនរ​បាក់បែក​​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​អង់គ្លេស ​បាន​ថ្លែង​ថា ​ជន​ស៊ីវិល ​៤ ​នាក់​ផ្សេង​ទៀត​ បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​នៅ​ជិត​ទីក្រុង ​និង​ភូមិ​ជា​ច្រើន​នៅ​ក្នុង​​ខេត្ត​អ៊ីដលីប​ភាគ​ខាង​ត្បូង​ ចំណែក​ឯ​ជន​ស៊ីវិល​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ជា​ច្រើន​លើក​នៅ​ទីក្រុង​នៃ​ខេត្ត​អ៊ីដលីប​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា ​នៅ​ក្បែរ​ខេត្ត​ហាម៉ា​ភាគ​ខាង​ជើង​ ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​របស់​របប​ស៊ីរី ​បាន​សម្លាប់​​​ក្រុម​ជីហាដ ​១១ ​នាក់​ ១ ថ្ងៃ ​ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​យ៉ាង​គ្នា​ខ្លាំងក្លា​នៅ​តំបន់​នោះ​ បាន​បណ្តាល​ឲ្យ​​ក្រុម​យុទ្ធជន​សកម្ម​ប្រយុទ្ធ​យ៉ាង​តិច​ ៥៥ នាក់​ ស្លាប់​ នៅ​ក្នុង​នោះ​មាន​យុទ្ធជន​របប​ស៊ីរី ​១៤ ​នាក់​ផង​ដែរ​។​

អំពើ​ហិង្សា​ចុង​ក្រោយ​បាន​កើត​ឡើង​ ក្រោយ​ពី​ប្រមុខ​អង្គការ​សហប្រជាជាតិ​លោក​ Antonio Guterres​កាល​ពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ឲ្យ​​រុស្ស៊ី​និង​តួកគី ​«​បន្ធូរបន្ថយ​ស្ថានការណ៍​» ​នៅ​ក្នុង​តំបន់​ខេត្ត​អ៊ីដលីប​នោះ​។​

លោក​ Antonio Guterres​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌​មាន​ថា​៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​​ខ្លាំង​អំពី​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ខេត្ត​អ៊ីដលីប​» ​ដោយ​បាន​បន្ថែម​ថា ​«​ក្រុម​ជន​ស៊ីវិល​កំពុង​តែ​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​ពី​ការ​វាយ​ប្រហារ»​៕ AFP/SK