ក្រុង​បេរូតៈ​ ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ បាន​ថ្លែង​ថា ​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​ក្លា​ រវាង​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល ​និង​ក្រុម​ជីហាដ​ ដែល​បាន​គ្រប់គ្រង​នៅ​ស៊ីរី​ភាគពាយព្យ​ បាន​បណ្តាល​ឲ្យ​​យុទ្ធជន​សកម្ម​ប្រយុទ្ធ​យ៉ាង​តិច ​៥៥ ​នាក់​ស្លាប់ ​កាល​ពី​អង្គារ​។​

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី ​បាន​និយាយ​ទៀត​​ថា​ ការ​ប្រយុទ្ធ​គ្នា​នេះ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ខេត្ត​ហាម៉ា​នៅ​ពេល​ក្រុម​ជីហាដ​ Hayat-Tahrir al-Sham ​បាន​បើក​ការ​វាយ​ប្រហារ​ទាំង​​ព្រឹក​ព្រលឹម​ទៅ​លើ​ទីតាំង​ឈរជើង​របស់​កងកម្លាំង​​របប​ស៊ីរី​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​បន្ថែម​​ថា​ កង​កម្លាំង​គាំទ្រ​រដ្ឋាភិបាល​យ៉ាង​តិច ​១៤ ​នាក់​ ក្រុម​ជីហាដ ​៤១ ​នាក់​ និង​ក្រុម​ឧទ្ទាម​មួយ​ចំនួន​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នោះ​។​

ប្រមុខ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លោក​ Rami ​Abdul Rahman ​បាន​ថ្លែង​ប្រាប់​ AFP ​ថា៖ «​កង​កម្លាំង​របប​ស៊ីរី​ បាន​បើក​ការ​​វាយ​ប្រហារ​» ​នៅ​មុន​ការ​ប្រយុទ្ធ​គ្នា បាន​កើត​ឡើង​រហូត​ដល់​ចប់​។​

ទីភ្នាក់ងារ​សារព័ត៌មាន​សាណា​របស់​រដ្ឋ​រាយការណ៍​​ថា​ ការ​វាយ​ប្រហារ​​ដែល​បាន​កើត ឡើង​នោះ​មាន​ទ្រង់ទ្រាយ​ធំ​ណាស់​។​

ទី​ជនបទ​នៅ​ខេត្ត​ហាម៉ា​ភាគ​ខាង​ជើង​ ស្ថិត​នៅ​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ជីហាដ​ ដែល​ក្នុង​នោះ​មាន​ភាគ​ច្រើន ​នៅ​ក្នុង​ខេត្ត​អ៊ីដលីប​។​

លោក​ Abdul Rahman ​បាន​ថ្លែង​ថា សមរភូមិ​ជួរ​មុខ​មាន​សភាព​ស្ងប់ស្ងាត់​ទៅ​វិញ​ ចាប់​តាំង​ពី​មាន​ការ​ប៉ះទង្គិច​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​បណ្តាល​ឲ្យ​យុទ្ធជន​សកម្ម​ប្រយុទ្ធ​ ៣៥ ​នាក់​ស្លាប់​នោះ​៕ ​AFP/SK