ក្រុង​បេរូតៈ ​ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​និយាយ​​ថា ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​កម្លាំង​រដ្ឋាភិបាល​ និង​ក្រុម​ជីហាដ​ បាន​បណ្តាល​ឲ្យ​ក្រុម​យុទ្ធជន​សកម្ម​ប្រយុទ្ធ​ ៤៣ នាក់​ស្លាប់ ​នៅ​ស៊ីរី​ភាគពាយព្យ​ ជា​ទី​ដែល​កង​កម្លាំង​របប​ស៊ីរី​ និង​ក្រុម​​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ បាន​បង្កើន​ការ​វាយ​ប្រហារ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ក្រសួង​ការពារ​ជាតិ​​រុស្ស៊ី​បាន​ថ្លែង​ថា ​ក្រុម​ជីហាដ​ បាន​វាយ​ប្រហារ​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​ ទៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​រុស្ស៊ី​មួយ​កន្លែង​នៅ​ក្នុង​តំបន់​នោះ​ ប៉ុន្តែ​ត្រូវ​បាន​រុញ​ច្រាន ​ទៅ​វិញ​ជា​មួយ​នឹង​ការ​វាយ​ប្រហារ​ដែល​មិន​បាន​ធ្វើ​ឲ្យ​មាន​អ្នក​​ស្លាប់​ និង​រង​របួស​ ឬ​ធ្វើ​ឲ្យ​ខូចខាត​អ្វី​នោះ​ទេ​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​ថ្លែង​ថា​ ក្រុម​យុទ្ធជន​គាំទ្រ​រដ្ឋាភិបាល​ ២២ ​នាក់​ នៅ​ក្នុង​ចំណោម​អ្នក​ដែល​​ស្លាប់​នៅ​ក្នុង​កា​រវាយ​ប្រហារ​យ៉ាង​សាហាវ​នៅ​ទី​ជនបទ​នៃ​ខេត្ត​ហាម៉ា​ភាគ​ខាង​ជើង​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​ ក្រុម​ជីហាដ​និយម​ ​២១ ​នាក់​ នៅ​ក្នុង​នោះ​មាន​ក្រុម​សមាជិក​អតីត​អាល់កៃដា​នៅ​ស៊ីរី ​គឺ​ក្រុម​ Hayat Tahrir al-Sham ​(HTS) ​និង​គណបក្ស​អ៊ិស្លាម​ឃើដ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នោះ​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី​ បាន​ថ្លែង​បន្ថែម​ទៀត​ថា ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ បំផុត​បាន​កើត​ឡើង​ ខណៈ​​កង​កម្លាំង​គាំទ្រ​របប​រដ្ឋាភិបាល​ស៊ីរី​​ បាន​រុល​សម្រុក​ទៅ​មុខ​ចូល​ទៅ​ដណ្តើម​​កាន់​កាប់​យក​​ភូមិ ​២​ និង​កំពូល​ភ្នំ​យុទ្ធសាស្ត្រ​មួយ​កន្លែង​នៅ​ក្នុង​តំបន់​នៃ​​ខេត្ត​​អ៊ីដលីប​នោះ​៕​ AFP/SK