ក្រុង​ទ្រី​ប៉ូលីៈ ​មន្ត្រី​ប្រចាំ​តំបន់​ម្នាក់​ និង​រដ្ឋាភិបាល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា​ ​មនុស្ស​យ៉ាង​តិច​ ​៤២ ​នាក់​បាន​ស្លាប់​ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​បាន​រង​របួស នៅ​ក្នុង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​មួយ​ ដោយ​បាន​យក​សាល​ប្រជុំ​សាលា​ក្រុង​មួយ​កន្លែង​ជា​គោលដៅ​វាយ​ប្រហារ​នៅ​លីប៊ី​ភាគ​ខាង​ត្បូង​ និង​បាន​ចោទ​ប្រកាន់​កង​កម្លាំង​យោធា​របស់​បុរស​ខ្លាំង​លោក​ Khalifa-Haftar​ ថា ជា​អ្នក​វាយ​ប្រហារ​។​

រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ ​(GNA) ​បាន​ថ្លែង​ថា​ ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​​​យក​សង្កាត់​លំនៅឋាន ​Qalaa ​នៅ​ក្នុង​​ក្រុង​ Murzuq ​ជា​ គោលដៅ​របស់​ពួក​គេ​​។​

មន្ត្រី​ក្រុម​ប្រឹក្សា​ក្រុង ​លោក​ Ibrahim Omar ​បាន​ប្រាប់​ AFP​​ ថា​៖ «​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​នោះ បាន​បណ្តាល​ឲ្យ​មនុស្ស​ ៤២ ​នាក់​ស្លាប់​ និង​ជាង ​៦០ ​នាក់ ​ផ្សេង​ទៀត​រង​របួស​ ហើយ ៣០ ​នាក់ ​ក្នុង​ចំណោម​ពួក​គេ​នេះ ស្ថិត​នៅ​ក្នុង​ស្ថានភាព​យ៉ាង​ធ្ងន់ធ្ងរ​»​។​

លោក​បាន​ថ្លែង​ថា​ អគារ​រដ្ឋាភិបាល​មួយ​កន្លែង​ដែល​មាន​ក្រុម​មន្ត្រី​ក្នុង​តំបន់​ជាង ​២០០ ​នាក់ ​ធ្វើ​ការ​នោះ​ បាន​ជួប​ជុំ​គ្នា ​«​ដើម្បី​ផ្សះផ្សា​លើ​ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​សង្គម​» ​ដែល​ត្រូវ​កំណត់​គោលដៅ​ ​៣ ​លើក​រួច​មក​ហើយ​។​

លោក​បាន​​ថ្លែង​ថា​៖ «​យើង​មិន​ត្រូវ​ការ​ឲ្យ​ពួក​គេ​មាន​អាវុធ​នោះ​ទេ​ ហើយ​លោក​ Haftar ​បាន​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ជន​ស៊ីវិល​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ» ​ដោយ​បាន​អំពាវនាវ​ឲ្យ​មាន​ជំនួយ​មនុស្ស​ធម៌​ ចាប់​តាំង​ពី​មន្ទីរ​ពេទ្យ​ប្រចាំ​តំបន់​ មិន​អាច​ទទួល​យក​ចំនួន​អ្នក​ស្លាប់​ និង​អ្នក​រង​របួស​បាន​ច្រើន​នោះ​ទេ​។​

រដ្ឋាភិបាល​ GNA ​បាន​ថ្កោល​ទោស​អំពី​ការ​វាយ​ប្រហារ​​​នោះ​នៅ​លើ​ហ្វេសប៊ុក​៕ AFP/SK