ក្រុងឌូ​បៃៈ​ ក្រុម​មន្ត្រី​យោធា​គាំទ្រ​រដ្ឋា​ភិបាល​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​​​ក្រុម​ចម្រុះ​យោធា​ដឹក​នាំ​ ដោយ ​អារ៉ាប៊ី​ សា​អ៊ូឌីត​ បាន​បន្ត​វាយ​ប្រហារ​ផ្លូវ​អាកាស​ប្រឆាំង​បណ្តាញ​ផ្គត់​ផ្គង់​របស់​ក្រុម​ឧទ្ទាម​នៅ​ជុំវិញ​ក្រុង​ហ៊ូដេដា​​រយៈ​ពេល​២​ថ្ងៃ ​ក្រោយ​ពី​ប្រេសិត​ពិសេស​​អង្គការ​សហ​ប្រជា​ជាតិ​ម្នាក់ ​បាន​ធ្វើ​ទស្ស​កិច្ចក្រុង​​​កំពង់​ផែ​ហ៊ូដេដា​។

ក្រុម​មន្ត្រី​យោធា​ និង ​គ្រូពេទ្យ​ នៅ​ក្នុង​មន្ទីរ​ពេទ្យ​២​កន្លែង​ខុស​គ្នា ​បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​ទាំង​នោះ​ បាន​កើត​ឡើង​ ខណៈ​ការ​បើក​វាយ​ប្រហារ​ជា​ច្រើន​នៅ​ជាយ​ក្រុង​ភាគ​ខាង​កើត​ និង​ភាគ​ខាង​ត្បូង​​ក្រុង​​​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ បាន​បណ្តាល​ឲ្យ​ក្រុមអ្នក​បះបោរ​ ២៦​នាក់​ស្លាប់​ នៅ​ក្នុង​រយៈ​ពេល​២៤ម៉ោង​​។

ក្រុម​មន្ត្រី​ទាំង​នេះ​ បាន​ប្រាប់​ AFP ​ថា ​ក្រុម​យុទ្ធ​ជន​គាំទ្រ​រដ្ឋា​ភិបាល ​៥ ​នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គា្ន​ ជា​មួយ​ក្រុម​ឧទ្ទាម​ដែល​ជា​សម្ព័ន្ធ​មិត្ត​ជា​មួយ ​អ៊ីរ៉ង់។

ពួក​គេ ​បាននិយាយ​ថា ការ​វាយ​ប្រហារ​​ផ្លូវ​អាកាស​ បាន​​យក​ក្បួន​រថយន្តរបស់​ក្រុម​ឧទ្ទាម​នៅ​ផ្លូវ​ចូល​ទៅ​កាន់​ក្រុង​ហ៊ូ​ដេដា​ភាគ​ជើង​ និង​ខាង​ត្បូង​ ជាគោល​ដៅ​។

អំពើ​ហិ​ង្សា​ បាន​បន្ត​កើត​ឡើង ​ក្រោយ​ពី​ប្រេសិត​ពិសេស​អង្គការ​​សហប្រជាជាតិ​​​ លោក​​ Martin​Griffiths​ បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង​ហ៊ូដេដា​ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ ដើម្បី​វាយ​តម្លៃ​ស្ថានភាព​មនុស្ស​ធម៌​នៅមុន​កិច្ច​ចរចា​សន្តិភាព ​​​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​ធ្នូ​រវាង​រដ្ឋា​ភិបាល​គាំ​ទ្រ​ដោយ​ក្រុម​ចម្រុះ​យេម៉ែន​ និង​ក្រុម​ឧទ្ទាម​។

អ្នក​នាំ​ពាក្យ​ក្រុម​ឧទ្ទាម​ លោក​ Mohammed ​Abdessalam​ បាន​ថ្លែង​នៅ​ក្នុង​គេហ​ទំព័រ​ធ្វីត​ធើរ​ថា​ មាន​ការ​វាយ​​ផ្លូវ​អាកាស​«​៣៥​ដង​រយៈ​ពេល ​១២ ​ម៉ោង​ចុង​ក្រោយ​ នៅ​ក្រុង​ហ៊ូដេដា ​អម​ដោយ​ការ​វាយ​កាំ​ភ្លើង​ធំ»៕ SK