បុរី​ញូវយ៉កៈ​ របាយការណ៍​សម្ងាត់​មួយ​បាន​បង្ហាញ​ឲ្យ ឃើញ​ថា ​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ ​កំពុង​ស៊ើប​អង្កេត​​ទៅ​លើ​​ការ​វាយ​ប្រហារ​មីស៊ីល​ជា​ច្រើន​លើក​នៅ​ក្បែរ​ក្រុង​ប្រទេស ​លីប៊ី​ ដែល​ទំនង​ជា​ត្រូវ​បាន​គេ​បាញ់​ដោយ​ប្រើប្រាស់​យន្តហោះ​ដ្រូន​ផលិត​នៅ​ប្រទេស ​ចិន ​ហើយ​អាច​នឹង​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​​ប្រទេស ​អារ៉ាប់រួម​។​

ការ​វាយ​ប្រហារ​មីស៊ីល​កាល​ពី​ថ្ងៃទី ​១៩​-២០ ខែ ​មេសា​​​ទៅ​លើ​តំបន់​ជាយ​ក្រុង​ទ្រីប៉ូលី​ភាគ​ខាង​ត្បូង​ត្រូវ​បាន​ធ្វើ​ឡើង​ ខណៈ​កង​កម្លាំង​ស្មោះ​ត្រង់​នឹង​លោក មេ​បញ្ជាការ​ Khalifa Haftar ​បាន​ប្រយុទ្ធ​ដណ្តើម​កាន់​កាប់​យក​ទីក្រុង​នេះ​ពី​រដ្ឋាភិបាល​ទទួល​ស្គាល់​ដោយ​អង្គការ​សហ​ប្រជាជាតិ​។​

ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ជា​ឯកសារ ដែល​កាសែត ​AFP បាន​ឃើញ​​ បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ត្រួត​ពិនិត្យ​មើល​រូបភាព​បំណែក​មីស៊ីល​ ហើយ​បាន​​កំណត់​អត្តសញ្ញាណ​ថា​ ជា​មីស៊ីល ​Blue ​Arrow បាញ់​ពី​ដី​ទៅ​លើ​អាកាស​ ដែល​ពី​មុន​​មិន​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​​ប្រទេស ​លីប៊ី​។​

មីស៊ីល​ផលិត​នៅ​ប្រទេស ​ចិន កំពុង​ត្រូវ​បាន​​ប្រើប្រាស់​នៅ​ប្រទេស​ចំនួន ​៣ គឺ​ប្រទេស ចិន​ កាហ្សាក់ស្ថាន ​និង​​ប្រទេស ​អារ៉ាប់រួម​ ហើយ​ត្រូវ​បាន​យក​មក​​ប្រើប្រាស់​ជាមួយ​​ដ្រូន Wing Loong ​ផលិត​នៅ​​ចិន​​នោះ​។​

យោង​តាម​របាយការណ៍​ដែល​បាន​ផ្ញើ​ទៅ​កាន់​ក្រុម​ប្រឹក្សា UN កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹង​ថា​៖ «ការ​វាយ​ប្រហារ​​យន្តហោះ​ដ្រូន​ Wing Loong UAV ដោយ​កង​កម្លាំង​ជាតិ​លីប៊ី​ LNA​ ឬ​ដោយ​ភាគី​ទី​៣ ​នៅ​ក្នុង​ការ​គាំទ្រ​កង​កម្លាំង ​LNA កំពុង​ត្រូវ​បាន​​ស៊ើប​អង្កេត​»​៕ AFP/SK