ក្រុងទ្រីប៉ូលីៈ ក្រសួងសុខាភិបាលរបស់រដ្ឋាភិបាលបង្រួបបង្រួមបានថ្លែងកាលពីថ្ងៃចន្ទថា ក្រុមជនស៊ីវិលយ៉ាងតិច ៥ នាក់បានស្លាប់ និង ១០ នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារផ្លូវអាកាសជាច្រើនលើកនៅពេលយប់ នៅជាយក្រុងនៃរដ្ឋធានីទ្រីប៉ូលី។
អ្នកនាំពាក្យលោក អាមីន អាល់-ហាស៊ីមី បានថ្លែងថា៖ «ការវាយប្រហារហិង្សាផ្លូវអាកាសជាច្រើនលើក ទៅលើតំបន់លំនៅដ្ឋាននៃសង្កាត់អាល់-ស្វានី បានបណ្តាលឲ្យក្រុមជនស៊ីវិល ៥ នាក់ស្លាប់ និង ១០ នាក់ផ្សេងទៀតរងរបួស មានមួយចំនួនក្នុងចំណោមពួកគេបានរងរបួសយ៉ាងធ្ងន់ធ្ងរ»។
លោក ហាស៊ីមី បានរាយការណ៍ថា មានការខូចខាតយ៉ាងធ្ងន់ធ្ងរក្រោយពីវាយប្រហារផ្លូវអាកាស ទៅលើសង្កាត់អាល់-ស្វានី ចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ ពីកណ្តាលទីក្រុងទ្រីប៉ូលីភាគខាងត្បូង។ លោកបានថ្លែងថា គ្មានហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងតំបន់នោះទេ។
ក្រុងទ្រីប៉ូលី ត្រូវបានគេមើលឃើញថា មានការវាយប្រហារបណ្តាលឲ្យមនុស្សស្លាប់អស់ជាច្រើនខែ ចាប់តាំងពីយោធាមានមូលដ្ឋាននៅភាគខាងកើតរបស់បុរសខ្លាំង ហ្គាលីហ្វា ហាហ្វតារ បានបើកការប្រយុទ្ធទ្រង់ទ្រាយធំកាលពីខែមេសា ដើម្បីដណ្តើមកាន់កាប់យករដ្ឋធានីមួយនេះ ចេញពីក្រុមកងកម្លាំងប្រដាប់អាវុធ ដែលបានគាំទ្រដោយរដ្ឋាភិបាលបង្រួបបង្រួមជាតិ (GNA) បានទទួលស្គាល់ដោយអន្តរជាតិនោះ៕SK