ក្រុង​កា្រហ្វាន់បែលៈ ​ក្រុម​ឃ្លាំមើល សិទ្ធិ​មនុស្ស​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ មាន​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ជា​ច្រើន​លើក​របស់​រុស្ស៊ី​ជា​សម្ព័ន្ធមិតុ្ត​របស់​របប​ស៊ីរី​ បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ ១០ នាក់​ស្លាប់​ នៅ​ក្នុង​នោះ​មាន​ក្មេង ​៥ ​នាក់ ​នៅ​ទីតាំង​ឈរ​ជើង​របស់​ក្រុម​ជីហាដ​ រយៈពេល​ប៉ុន្មាន ​​ម៉ោង ​ក្រោយ​ពី​ក្រុង​មូស្គូ ​បាន​ប្រកាស​បទ​ឈប់​បាញ់​មួយ​​នៅ​ទី​នោះ​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី ​បាន​ថ្លែង​ថា ​ការ​ប៉ះ​ទង្គិច​រវាង​កង​កម្លាំង​របប​ស៊ីរី​ និង​ក្រុម​ជីហាដ​​ បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​តំបន់​គ្រប់គ្រង​ដោយ​អតីត​អាល់កៃដា​នៅ​ស៊ីរី​ ដោយ​មាន​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​នៅ​ពេល​យប់់​។​

តំបន់​ខេត្ដ​អ៊ីដលីប ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ជីហាដ​ដ៏​សកម្ម គឺ Hayat Tahrir al-Sham ​ត្រូវ​បាន​គេ​សង្ឃឹម​ថា​ នឹង​ត្រូវ​បាន​ការពារ​មិន​ឲ្យ​មាន​ការ​វាយ​លុក​ទ្រង់ទ្រាយ​ធំ​ពី​រដ្ឋាភិបាល ​ដោយ​មាន​​កិច្ច​ព្រមព្រៀង​នៅ​តំបន់​ទ្រនាប់​កាល​ពី​ខែ​កញ្ញា ​ប៉ុន្តែ​របប​ស៊ីរី​ និង​រុស្ស៊ី ​បាន​បង្កើន​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ទីនោះ ​ចាប់​តាំង​ពី​ចុង​ខែ​មេសា​។​

ក្រុម​ឃ្លាំ​មើល​នោះ​បាន​ថ្លែង​ថា ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​នៅ​ពេល​យប់​របស់​រុស្ស៊ី ​បាន​បណ្តាល​ឲ្យ​ក្មេង ​៥ ​នាក់​ ស្ត្រី​ ៤ ​នាក់​ និង​បុរស​ម្នាក់ ​ស្លាប់ ​នៅ​ក្រុង​កា្រហ្វាន់បែល​ នៃ​ខេត្ត​អ៊ីដលីប​។​

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​ថ្លែង​ថា ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ជា​ច្រើន​លើក​នៅ​ក្បែរ​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​កា្រហ្វាន់បែល​ ​នាំ​ឲ្យ​​រាំង​ស្ទះ​​សេវា​មើល​ថែ​អ្នក​ជំងឺ​នៅ​ទី​នោះ។

អ្នក​កាសែត AFP ​ម្នាក់​បាន​ឃើញ​លំនៅឋាន ​៥ ​ខ្នង ​នៅ​ក្នុង​ក្រុង​នេះ ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង៕ AFP/SK