ក្រុងចាឡាឡាបាដៈ ក្រុមមន្ត្រី បាន​និយាយថា មនុស្ស​យ៉ាង​តិច ១៣ នាក់ បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​អត្តឃាត​មួយ​ទៅ​លើ​ការ​ជួប​ជុំ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​អង្គារ ជា​ការ​វាយ​ប្រហារ​ថ្មី​បំផុត​នៅ​មុន​កា​របោះ​ឆ្នោត​សភា​នៅ​ខែ​នេះ។

ការវាយប្រហារ​នោះ គឺជា​ការវាយប្រហារ​អត្តឃាត​លើក​ទី ១ ចាប់​តាំង​ពី​យុទ្ធនាការ​ឃោសនា​នោះ បាន​ចាប់​ផ្តើម​ជា​ផ្លូវការ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​សម្រាប់​ការ​បោះ​ឆ្នោត​សភា ជា​ការ​ត្រៀម​រៀបចំ​សម្រាប់​ការ​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​រារាំង​ដោយ​អំពើ​ហិង្សា​បង្ហូរ​ឈាម​រួច​ទៅ​ហើយ។

អ្នកនាំពាក្យ​អភិបាលខេត្ត​លោក Ataullah Khogyani បាន​ថ្លែងថា មនុស្ស​ជាង ៤០ នាក់​ត្រូវ​រង​របួស នៅ​ពេល​ជន​សកម្ម​ប្រយុទ្ធ​ម្នាក់ បាន​បំផ្ទុះ​ខ្លួនគេ​នៅ​ក្នុង​ចំណោម​អ្នក​គាំទ្រ​បេក្ខជន​របស់​លោក Abdul Nasir Mohmmand នៅ​ក្នុង​ស្រុក​កាម៉ា នៃ​ខេត្ត Nangarhar ភាគ​ខាង​កើត។

លោក Khogyani បញ្ជាក់​អះអាងថា លោក Mohmmand នៅមាន​ជីវិត​ប៉ុន្តែ​លោក​មិនបាន​និយាយ​ថា តើ​បេក្ខជន​រូប​នេះ​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​នោះ​ដែរ​ឬទេ?

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក Najibullah Kamawal បានដាក់​ចំនួន អ្នកស្លាប់​ខ្ពស់​បំផុត​ត្រឹម ១៤ នាក់​ប៉ុណ្ណោះ។

លោក Kamawal បាន​និយាយទៀតថា អ្នករងរបួស​ខ្លះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។

អ្នកកាសែត AFP ម្នាក់ បានឃើញ​រថយន្ត​សាមុយ​ជាច្រើន​គ្រឿង ដឹកជញ្ជូន​សាកសព និង​អ្នក​រង​របួស​ទៅ​មន្ទីរពេទ្យ​នៅ​ក្នុង​រដ្ឋធានី​នៃ​ខេត្ត​ចាឡាឡាបាដ៕