ក្រុងវ៉ាស៊ីនតោនៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីវ៉េណេស៊ុយអេឡារបស់លោក គឺលោក នីកូឡាស ម៉ាឌូរ៉ូ បានថ្លែងកាលពីថ្ងៃអង្គារថា កិច្ចចរចារវាងក្រុមមន្ត្រីជាន់ខ្ពស់កំពុងដំណើរការ ខណៈប្រទេសអាមេរិកភាគខាងត្បូងនេះបានរងនូវការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់អាមេរិក។
លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា៖ «យើងកំពុងទាក់ទងគ្នា ហើយយើងកំពុងពិភាក្សាគ្នាជាមួយក្រុមតំណាងផ្សេងៗរបស់វ៉េណេស៊ុយអេឡា»។
លោក ត្រាំ បានបដិសេធមិននិយាយថា តើមានក្រុមមន្ត្រីណាខ្លះត្រូវបានជាប់ពាក់ព័ន្ធនៅក្នុងការចរចានោះទេ? ដោយបានបញ្ជាក់ថា៖ «យើងកំពុងពិភាក្សានៅក្នុងកម្រិតខ្ពស់បំផុតមួយ» ហើយបានបន្ថែមថា៖ «ក្រុមអ្នកតំណាងវ៉េណេស៊ុយអេឡាស្ថិតនៅក្នុងកម្រិតខុសៗគ្នា» គឺជាក្រុមដែលចូលរួមក្នុងការចរចា។
នៅក្នុងសារមួយដែលបានផ្សព្វផ្សាយនៅក្នុងវិទ្យុ និងទូរទស្សន៍ថា លោក ម៉ាឌូរ៉ូ បានបញ្ជាក់អំពីកិច្ចពិភាក្សានោះដោយបានថ្លែងថា៖ «អស់ជាច្រើនខែហើយមានការទាក់ទងរវាងក្រុមមន្ត្រីជាន់ខ្ពស់អាមេរិករបស់លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាល បូលីវី ដែលខ្ញុំបានទទួលខុសត្រូវធ្វើការសម្របសម្រួល»។
លោក ម៉ាឌូរ៉ូ បានថ្លែងថា៖ «ខ្ញុំបានស្វះស្វែងរកការចរចានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ខ្ញុំស្វះស្វែងរកមធ្យោបាយមួយដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ ពិតជាស្តាប់ខាងភាគីវ៉េណេស៊ុយអេឡា» យ៉ាងពិតប្រាកដ។
កាលពីដើមខែនេះលោក ម៉ាឌូរ៉ូ បានស្តីបន្ទោសក្រុងវ៉ាស៊ីនតោននៅពេលលោកបានលុបចោលកាលបរិច្ឆេទការចរចាជាមួយបក្សប្រឆាំងរបស់ប្រទេសលោកដែលដឹកនាំដោយលោក Juan Guaido ជាប្រធានសភាដែលបានប្រកាសខ្លួនឯងកាលពីខែមករាថាជាប្រធានាធិបតីស្តីទី។
អាមេរិកបានដាក់សម្ពាធលោក ម៉ាឌូរ៉ូ តាមរយៈការដាក់ទណ្ឌកម្មឲ្យយល់ព្រមទទួលយកតាមការទាមទាររបស់បក្សប្រឆាំង ដើម្បីឲ្យចុះពីតំណែង និងរៀបចំឲ្យមានការបោះឆ្នោតប្រធានាធិបតីឡើងវិញ ហើយធ្វើអ្វីមួយដែលលោកបានបដិសេធមិនធ្វើតាមការស្នើសុំរបស់បក្សប្រឆាំងយ៉ាងដាច់អហង្ការនោះ។
លោក ដូណាល់ ត្រាំ បានថ្លែងអំពីវ៉េណេស៊ុយអេឡាថា៖ «យើងកំពុងព្យាយាមមិនពាក់ព័ន្ធ ប៉ុន្តែយើងចាំបាច់ត្រូវតែជួយជ្រោមជ្រែងឲ្យមានការចរចាកើតឡើង ហើយប្រទេសនេះត្រូវការការជួយយ៉ាងច្រើនបន្ថែមទៀត»៕ SK