ស្រុកមែសៃៈ ក្រុម​មុជទឹក​ពិសេស​កាលពី​ថ្ងៃអាទិត្យ បានចាប់ផ្តើម​កិច្ច​ប្រតិបត្តិការ​ដ៏​គ្រោះ​ថ្នាក់​មួយ ដើម្បី​យក​ក្មេង​ប្រុស ១២ នាក់ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ ដែល​ជាប់​នៅ​ក្នុង​រូងភ្នំ​លិច​ទឹក​នៅ​ក្នុង​ប្រទេស​ថៃ​ភាគ​ខាងជើង​ជាង ២ សប្តាហ៍​ហើយ​នោះ ខណៈ​ភ្លៀង​រដូវ​វស្សា​បាន​គំរាម​កំហែង​កិច្ច​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​នេះ។

ក្រុមបាល់ទាត់ Wild Bears បាន​ជាប់​នៅក្នុង​រូងភ្នំ​នោះ ចាប់តាំង​ពី​ថ្ងៃ​ទី ២៣ ខែ​មិថុនា។

ស្ថានភាព​ដ៏​លំបាក​របស់​ពួកគេ​បានធ្វើ​ឲ្យ​ប្រទេស​ថៃ និង​ពិភពលោក​ទាំងមូល​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​ក្រុម​អាជ្ញាធរ​បាន​ខិតខំ​ប្រឹង​ប្រែង​បង្កើត​ផែនការ​មួយ ដើម្បី​យក​ក្មេងៗ និង​គ្រូបង្វឹក​របស់​ពួកគេ ចេញ​ពី​រូង​ភ្នំ​តាម​ផ្លូវ​តូច​ចង្អៀត បត់បែន កន្លុក​កន្លៀត និង​លិច​ទឹក។

ប្រធាន​ក្រុម​ជួ​យសង្រ្គោះ​​លោក Narongsak Osottanakorn បាន​ថ្លែងប្រាប់​ក្រុម​អ្នកកាសែត​នៅ​ក្បែរ​រូងភ្នំ​នោះ​ខណៈ​ការ​ព្យាករ​អាកាសធាតុ​បាន​ព្រមាន​ថា​នឹង​មាន​ភ្លៀង​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ដែល​នឹង​បង្ក​មាន​ទឹក​ជំនន់​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​រូង​ភ្នំ​នោះ​ថា៖ «ថ្ងៃនេះ​គឺជា D-day (ថ្ងៃ​នៃ​កិច្ច​ប្រតិបត្តិការ​ពិសេស) បាន​ចាប់​ផ្តើម។ ក្មេងៗ​ទាំង​នោះ​ត្រៀម​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន។

លោក Narongsak បាន​ថ្លែងថា ក្មេងប្រុស​ទី ១ ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ចេញ​ផុតពី​រូងភ្នំ​នៅ​ម៉ោង ៩ យប់ ដែល​មានន័យ​ថា ការ​ធ្វើ​ដំណើរ​ត្រូវ​ប្រើ​ពេល ១១ ម៉ោង៕