ក្រុង​បាងកក៖ ​យោង​តាម​ប្រធាន​គណបក្ស​ប្រឆាំង​​លោក ​ស៊ុធីន ​ខ្លាំងស៊ែង​ បាន​ឲ្យ​ដឹង​ថា​ ទោះបី​ជា​មាន​កិច្ច​ពិភាក្សា​រិះគន់​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ​ ចាន-​អូចា​ និង​រដ្ឋមន្ត្រី ​៥ ​រូប​ទៀត​ ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ ​(ថ្ងៃ​​ចន្ទ)​ ដោយ​គ្មាន​មន្ត្រី​សំខាន់ៗ​មក​ពី​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​ធម្មនុញ្ញ​ កិច្ច​ពិភាក្សា​នេះ​​មិន​សូវ​​មាន​គេ​ចាប់​អារម្មណ៍​​​​ទេ​។​

លោក ​ស៊ុធីន ​ខ្លាំងស៊ែង​​ ជា​សមាជិក​សភា​បក្ស​ភឿ​ថៃ​ម្នាក់​ ប្រចាំ​នៅ​មណ្ឌល​ខេត្ត​មហាសារ៉ា​ខាម​ បាន​ថ្លែង​ថា​ គណបក្ស​ភឿ​ថៃ​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​ប្រឆាំង​ទៅ​លើ​គោលដៅ​រដ្ឋមន្ត្រី ​៦ ​រូប​ ​រយៈពេល ​៣ ​ថ្ងៃ​ ខណៈ​សមាជិក​សភា​មក​ពី​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​ ដែល​ត្រូវ​បាន​គេ​រំលាយ​នោះ​ ជា​គណបក្ស​នយោបាយ​ធំ​ជាង​គេ​ទី ​៣ ​នៅ​ក្នុង​សភា​ នឹង​ត្រូវ​បាន​ដឹកនាំ​ដោយ​សមាជិក​សភា​លោក ​Pita ​Limjaroenrat។​

នៅ​ក្នុង​ចំណោម​អតីត​សមាជិក​សភា​របស់​បក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​ ដែល​នឹង​ខកខាន​មិន​ចូលរួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​រិះគន់​នោះ​ គឺ​អតីត​អគ្គលេខាធិការ​បក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​ លោក ​ភីយ៉ាប៊ុត្រ ​ស៊ែងកាណុកគុល ​និង​អ្នក​នាំពាក្យ​លោកស្រី ​ផាន់នីកា​ វ៉ានីត​ ដែល​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​រៀបចំ​កិច្ច​ពិភាក្សា​មួយ​ មាន​ចំណង​ជើង​ថា ​«កិច្ច​ពិភាក្សា​រិះគន់​ក្រៅ​សភា​» ​ថា​ ជា​អ្នក​បើក​​វាំងនន​ម្នាក់​។​

គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ ​ត្រូវ​បាន​គេ​រំលាយ​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​តុលា​ការ​ធម្មនុញ្ញ​ ជុំវិញ​ប្រាក់​កម្ចី​ ​១៩១,២ ​លាន​បាត ទទួល​ពី​អតីត​មេ​ដឹកនាំ​បក្ស​នេះ៕​ BKP/SK