ក្រុង​វ៉ាស៊ីនតោន៖ ​យោធា​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​ថា ​កូរ៉េ​ខាង​ជើង​ បាន​បាញ់​មីស៊ីល​ចម្ងាយ​ជិត​ ២ ​គ្រាប់​ចេញ​ពី​តំបន់​ភាគ​ខាង​លិច​​ទៅ​កាន់​សមុទ្រ​ខាង​កើត ​កាល​ពី​ថ្ងៃ​អង្គារ​រយៈពេល​​ប៉ុន្មាន​ម៉ោង​ ក្រោយ​ពី​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​បាន​យល់​ព្រម​បន្ត​ការ​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​នឹង​អាមេរិក​ឡើង​វិញ​។​

នាយ​សេនាធិការ​យោធា​ចម្រុះ ​(JCS) ​បាន​ថ្លែង​ថា ​មីស៊ីល​នោះ​ត្រូវ​​បាន​បាញ់​នៅ​ម៉ោង ​៦ និង ៥៣ ​នាទី​ព្រឹក​ និង​ម៉ោង ​៧ និង ​១២ ​នាទី​ព្រឹក ​ចេញ​ពី​តំបន់​នៅ​ក្នុង​ក្រុង​ Kaechon ​នៅ​ខេត្ត​ភាគ​ត្បូង​នៃ​ក្រុង​ព្យុងយ៉ាង​ ចម្ងាយ​ប្រហែល ​៨០ ​គីឡូម៉ែត្រ ​ពី​រដ្ឋធានី​ព្យុងយ៉ាង​ភាគ​ខាង​ជើង​ នៅ​ក្នុង​គោលដៅ​មួយ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត​។​

នាយ​សេនាធិការ​យោធា​ចម្រុះ​នោះ​ ​បាន​ថ្លែង​ថា ​មីស៊ីល​ទាំង ២ គ្រាប់​​នោះ ​ហោះ​បាន​ចម្ងាយ ​៣៣០ ​គីឡូម៉ែត្រ​ ដោយ​បាន​បន្ថែម​ថា​ ក្រុម​អាជ្ញាធរ​ចារកម្ម​របស់​កូរ៉េ​ខាង​ត្បូង​ និង​អាមេរិក ​កំពុង​វិភាគ​អំពី​ប្រភេទ​មីស៊ីល​ពិត​ប្រាកដ​របស់​ពួក​គេ​​។​ ​​ការ​វិភាគ​នោះ ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ល្បឿន​​លឿន​បំផុត​របស់​មីស៊ីល​ទាំង​នោះ​ទេ។​

បុរសម្នាក់​កំពុង​មើល​ការ​​បាញ់​សាកល្បង​​មី​ស៊ីល​​របស់​កូ​រ៉េខាង​ជើង ​​នៅ​​តាម​​​​ទូ​រទស្សន៍​នៅ​​ក្នុង​​ស្ថានីយ​រថភ្លើង​។ AFP

នាយ​សេនាធិការ​យោធា​ចម្រុះ​បាន​ថ្លែង​ថា៖ ​«​យោធា​របស់​យើង​កំពុង​ត្រួត​ពិនិត្យ​មើល​ស្ថានការណ៍​នៅ​ក្នុង​ករណី​នៃ​ការ​បាញ់​បន្ថែម​ទៀត​​ និង​កំពុង​ត្រៀម​លក្ខណៈ​ប្រុង​ជើង​ការ​រួច​ជា​ស្រេច​ ដើម្បី​ទប់ទល់​ស្ថានការណ៍​នោះ​» ​ដោយ​​អំពាវនាវ​ឲ្យ​កូរ៉េ​ខាង​ជើង ​«បញ្ឈប់​សកម្មភាព​បែប​នេះ​ជា​បន្ទាន់​ ដែល​បាន​បង្ក​​ឲ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​​ឧបទ្វីប​​កូរ៉េ​»​។​

នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​មីស៊ីល​ថ្មី​បំផុត​ កូរ៉េ​ខាង​ត្បូង​បាន​​បើក​កិច្ច​​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ ​(NSC) ជា​បន្ទាន់​មួយ​ ក្រោម​អធិបតីភាព​របស់​លោក​ Chung ​Eui-yong ​ជា​ប្រមុខ​ការិយាល័យ​សន្តិសុខ​ជាតិ​ប្រចាំ​វិមាន​ប្រធានាធិបតី​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នានា​នៅ​ឧបទ្វីប​កូរ៉េ​។​

នៅ​ក្រុង​វ៉ាស៊ីនតោន​វិញ​ មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​អាមេរិក​ម្នាក់​បាន​ថ្លែង​ថា​ ខ្លួន​ត្រូវ​យល់​ដឹង​អំពី​ការ​បាញ់​មីស៊ីល​ចុង​ក្រោយ​បំផុត​ និង​កំពុង​ត្រួត​ពិនិត្យ​មើល​ស្ថានការណ៍​នោះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុម​សម្ព័ន្ធមិត្ត​របស់​ខ្លួន​។​

ការ​បាញ់​មីស៊ីល​ បាន​កើត​ឡើង​ប៉ុន្មាន​ម៉ោង​ ក្រោយ​ពី​អនុរដ្ឋមន្ត្រី​ការ​បរទេស​ទី ​១ ​របស់​កូរ៉េ​ខាង​ជើង ​លោក​ Choe Son-hui ​បង្ហាញ​ឆន្ទៈ​បន្ត​ការ​ចរចា​៕ Yonhap/SK