ក្រុងសេអ៊ូលៈ កាសែតផ្លូវការរបស់កូរ៉េខាងជើងកាលពីថ្ងៃអង្គារ បានរិះគន់កូរ៉េខាងត្បូងចំពោះការធ្វើសមយុទ្ធយោធារួមជាមួយនឹងអាមេរិក ដោយបានព្រមានថា ក្រុងសេអ៊ូលនឹងទទួលផលវិបាកពី «ទង្វើឆ្កួតឡប់» បែបនេះ។
កូរ៉េខាងត្បូង និងអាមេរិក បានបញ្ចប់សមយុទ្ធយោធារបស់ពួកគេ កាលពីថ្ងៃអង្គារ។ ក្រុងសេអ៊ូលបាននិយាយថា សមយុទ្ធនេះ គឺជាផ្នែកនៃការត្រៀមរៀបចំរបស់ខ្លួន ដើម្បីបង្កើនការគ្រប់គ្រងកិច្ចប្រតិបត្តិការពេលមានសង្គ្រាមរបស់ក្រុមទាហានមកពីក្រុងវ៉ាស៊ីនតោន ប៉ុន្តែក្រុងព្យុងយ៉ាង បានហៅសមយុទ្ធនោះថា ជាការហាត់សមដើម្បីឈ្លានពាន។
នៅក្នុងបទអត្ថាធិប្បាយមួយ កាសែត Rodong Sinmun បានឲ្យដឹងថា៖ «ការធ្វើសមយុទ្ធយោធា ដែលក្រុមអ្នកសង្គ្រាមនិយមនៅកូរ៉េខាងត្បូង កំពុងធ្វើរួមគ្នាជាមួយអាមេរិកនោះ គឺជាទង្វើបង្កសត្រូវ ដែលធ្វើការឈ្លានពានពួកយើង និងជាការបង្ករឿងខាងយោធា ដែលមិនអាចអត់ឱនឲ្យបានទេ»។
កាសែតនោះ បានឲ្យដឹងទៀតថា សមយុទ្ធនោះបានបញ្ចូលសមយុទ្ធធ្វើឲ្យមានស្ថិរភាពនៅក្នុងតំបន់កាន់កាប់ខ្លះ ដែលកាសែតនេះអះអាងថាសមយុទ្ធនេះ មានបំណងឈ្លានពាន និងធ្វើឲ្យសាធារណរដ្ឋរបស់យើងងើបលែងរួច»។
កាសែតដដែលនោះ បានស្តីបន្ទោសកូរ៉េខាងត្បូងចំពោះភាពតានតឹង ដែលកំពុងកើនឡើងនៅតំបន់តាមរយៈការបង្ហាញសម្ភារយោធាបច្ចេកវិទ្យាខ្ពស់ និងបន្តធ្វើសមយុទ្ធយោធា ថ្វីបើមានការព្រមានជាច្រើនលើកពីកូរ៉េខាងជើងក្តីដោយនិយាយថា កូរ៉េខាងត្បូងនឹងទទួលរងផលវិបាកធ្ងន់ធ្ងរ ដោយសារទង្វើឆ្កួតឡប់បែបនេះ៕ Yonhap/PSA