ក្រុង​សេអ៊ូលៈ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​រិះគន់​កូរ៉េ​ខាង​ត្បូង​ជុំវិញ​ការ​ចរចារ​បស់​ក្រុម​ការងារ​ជាមួយ​អាមេរិក​ ដោយ​បាន​ជំរុញ​ឲ្យ​ក្រុង​សេអ៊ូល​ដក​ខ្លួន​ចេញ​ពី​គោល​នយោបាយ​នៃ​ការ​ពឹង​ផ្អែក​ទៅ​លើ​កម្លាំង​បរទេស​។ ​

ដោយ​បាន​និយាយ​យោង​ដល់​ជំនួប​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​រវាង​សម្ព័ន្ធ​មិត្ត​ទាំង ​២ ​នៅ​ក្រុង​សេអ៊ូល​កាល​ពី​ដើម​ខែ​នេះ​វេបសាយ ​Uriminzokkiri ​ជា​វេបសាយ​មួយ​ក្នុង​ចំណោម​វេបសាយ​ជា​ច្រើន​របស់​កូរ៉េ​ខាង​ជើង​បាន​ឲ្យ​ដឹង​ថា ​ទំនាក់​ទំនង​អន្តរ​កូរ៉េ​​ នឹង​ឈាន​ទៅ​រក​ការ​បញ្ចប់​ ប្រសិន​បើ​កូរ៉េ​ទាំង​ ២ ​នេះ ​ដក​ខ្លួន​ចេញ​ពី​គោល​ការណ៍​នៃ​ឯករាជ្យ​ជាតិ​នោះ។​

វេបសាយ​នោះ​ បាន​ឲ្យ​ដឹង​ទៀត​ថា៖ ​«​ការ​ពិត​ដែល​ក្រុម​អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​ នា​ពេល​ថ្មីៗ​នេះ​ បាន​រៀបចំ​ជំនួប​សម្ងាត់​ជាមួយ​អាមេរិក​ខណៈ​និយាយ​ថា​ ពួក​គេ​មាន​ជំនួប​​ក្រុម​ការងារ ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​យ៉ាង​ជិត​ស្និទ្ធ ​បាន​បង្ហាញ​ថា ​ពួក​គេ​មិន​ទាន់​បាន​ដក​ខ្លួន​ចេញ​ពី​គោលការណ៍​នៃ​ការ​ពឹង​ផ្អែក​លើ​កម្លាំង​បរទេស​ទេ​»។

កូរ៉េ​ខាង​ត្បូង​ និង​អាមេរិក ​បាន​ចាប់​ផ្តើម​ក្រុម​ការងារ​រួម​គ្នា​នៅ​ក្នុង​ខែ​វិច្ឆិកា ដើម្បី​សម្រប​សម្រួល​គោល​នយោបាយ​របស់​ពួក​គេ​​លើ​បញ្ហា​កូរ៉េ​ខាង​ជើង។ ​ជំនួប​ក្នុង​ខែ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ភ្លាមៗ ​ក្រោយ​ពី​កូរ៉េ​ខាង​ជើង​ បាន​បាញ់​មីស៊ីល​ចម្ងាយ​ជិត ​៥ ​ថ្ងៃ ​ក្រោយ​ពី​បាញ់​មីស៊ីល​ចូល​ទៅ​ក្នុង​សមុទ្រ​ខាង​កើត​។

វេបសាយ​នោះ​បាន​និយាយ​ទៀត​ថា ​ការ​រំពឹង​ពី​លក្ខខណ្ឌ​ និង​បរិយាកាស​ល្អ​ប្រសើរ​នៅ​ក្នុង​ការ​ទំនាក់​ទំនង​កូរ៉េ​ខាង​ជើង​-​កូរ៉េ​ខាង​ត្បូង​ នឹង​ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​ការ​ស្វះស្វែង​រក​ដំណោះ​ស្រាយ​ពី​កម្លាំង​ខាង​ក្រៅ​នោះ​ គឺ​ជា​ទង្វើ​ឆ្កួត​ឡប់​ ដែល​នឹង​កាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​គាំង​ដំណើរ​ថែម​ទៀត​ ដោយ​​អំពាវនាវ​ឲ្យ​​អនុវត្ត​កិច្ច​ព្រមព្រៀង​​​​ជំនួប​អន្តរ​កូរ៉េ​៕ Yonhap/PSA