ក្រុង​សេ​អ៊ូលៈ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ពុធ ​បាន​រិះគន់​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​ លោក​ ជូ បៃដិន ថា ​ល្ងីល្ងើ​ឆ្កួត​ឡប់​ និង​មាន ​IQ ទាប ​ក្រោយ​ពី​លោក​ បាន​រិះគន់​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង លោក ​គីម ​ជុងអ៊ុន​។

លោក​ បៃដិន​ ដែល​បាន​បម្រើ​ការងារ ​២ ​អាណត្តិ​ជា​អនុ​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា​ កំពុង​ចាប់​ផ្តើម​ធ្វើ​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត ​ចាប់​តាំង​ពី​បាន​ប្រកាស​បេក្ខភាព​របស់​លោក​សម្រាប់​ការ​តែងតាំង​នៅ​ក្នុង​បក្ស​ប្រជាធិបតេយ្យ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ​២០២០​។

ការ​អធិប្បាយ​ខ្លះ​របស់​លោក​អំពី ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​នោះ​ ទំនង​ជា​ធ្វើ​ឲ្យ​ក្រុង​ព្យុងយ៉ាង​ផ្ទុះ​កំហឹង​ ដោយ​នាំ​ឲ្យ​មាន​ការ​​អធិប្បាយ​ពី​​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​មួយ​​របស់​ខ្លួន ​គឺ​ KCNA។

ទីភ្នាក់ងារ​ព័ត៌មាន​នោះ​បាន​ចោទ​លោក​ បៃដិន ​ថា​ បាន​មើល​ងាយ​មេ​ដឹកនាំ​ជាន់​ខ្ពស់​របស់​កូរ៉េ​ខាង​ជើង ​ជា​ពាក្យ​សម្តី ​ដែល​និយាយ​សំដៅ​​មេ​ដឹកនាំ លោក​ ​គីម​ ជុងអ៊ុន និង​បាន​និយាយ​ថា ​អតីត​សមាជិក​ព្រឹទ្ធសភា​និយាយ​មិន​ចេះ​គិត​គ្មាន​ហេតុផល ​និង​លោភ​អំណាច។ ​

អ្វី​ដែល​លោក​បាន​និយាយ​ គឺ​គ្រាន់​តែ​​សម្តី​ដែល​អស់​សង្ឃឹម​លើក​ខ្លួន​ឯង​ក្នុង​នាម​ជា​មនុស្ស​ម្នាក់​នោះ​។​

KCNA មិន​បាន​ផ្តល់​ព័ត៌មាន​​លម្អិត​បន្ថែម​ទេ ​ប៉ុន្តែ​នៅ​ឯការ​ជួបជុំ​មួយ​រដ្ឋ​ហ្វីឡា​ដែល​ផ្សាយ​ពី​ថ្ងៃ​សៅរ៍ លោក ​បៃដិន ​រិះគន់​​ទំនាក់​ទំនង​របស់ ​ត្រាំ ជាមួយ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​និង​រុស្ស៊ី​ ដោយ​ចោទ​ប្រកាន់ ​ត្រាំ ថា​ បាន​ឱប​ក្រសោប​​ជន​ផ្តាច់​ការ​ ដូច​ជា ពូទីន​ និង ​គីម​ ជុងអ៊ុន​ នេះ​៕ Yonhap/PSA