ក្រុង​សេ​អ៊ូលៈ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​លោក​មេ​ដឹកនាំ​ គីម​ ជុងអ៊ុន ​បាន​តាម​ដាន​ការ​បាញ់​តេស្ត​សាកល្បង​រ៉ុក្កែត​ និង​អាវុធ​មីស៊ីល​រយៈ​ចម្ងាយ​ជិត ​ក្រោយ​ពី​សមយុទ្ធ​កាល​ពី​ថ្ងៃ​សៅរ៍ ​បាន​បង្ក​ឲ្យ​មាន​កង្វល់​ថា ​ក្រុង​ព្យុងយ៉ាង ​កំពុង​បង្ក​រឿង ​ដោយសារ​ការ​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​ ជាប់​គាំង​។ ​​

កូរ៉េ​ខាង​ជើង​ បាន​បាញ់​តេស្ត​សាកល្បង​មីស៊ីល​ចុង​ក្រោយ​ នៅ​ក្នុង​ខែ ​វិច្ឆិកា ​ឆ្នាំ ​២០១៧ ​នៅ​មុន​នឹង​ភាព​តានតឹង​នៅ​លើ​​​ឧបទ្វីប​កូរ៉េ​ ថយ​កម្តៅ​​និង​មាន​​ជំនួប​ជា​បន្ត​បន្ទាប់​។ ​​​

ការ​វិល​ត្រឡប់​ទៅ​បាញ់​តេស្ត​រ៉ុក្កែត ​និង​មីស៊ីល​ ទំនង​ជា​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ ផ្ទុះ​កំហឹង​​ ​ប៉ុន្តែ​ទីភ្នាក់ងារ​​ព័ត៌មាន​ KCNA​ ផ្លូវ​ការ​របស់​កូរ៉េ​ខាង​ជើង​ បាន​ចៀស​វាង​ពាក្យ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ ដោយ​បាន​និយាយ​ថា ​លោក ​គីម ជុងអ៊ុន បាន​បញ្ជា​ឲ្យ​ធ្វើ​សមយុទ្ធ​វាយ​ប្រហារ ​ដែល​ទាក់ទង​ជាមួយ​​ ការ​បាញ់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​ជា​ច្រើន​គ្រាប់ ​ដែល​មិន​ត្រូវ​បាន​កំណត់​ជា​គោលដៅ​ ​ដោយ​សេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ ​ចំពោះ​​មីស៊ីល​រយៈ​ចម្ងាយ​ជិត​នោះ​ទេ​។

យោធា​របស់​ក្រុង​សេអ៊ូល បាន​ពិពណ៌​នា​អាវុធ​នោះ​ ថា​មីស៊ីល ​ក្រោយ​ពី​ខ្លួន​ចាប់​បាន​នៅ​ពេល​បាញ់​កាល​ពី​ថ្ងៃ​សៅរ៍។ ​​​​​

អាមេរិក​ និង​កូរ៉េ​ខាង​ជើង ​​មិន​ចុះ​សម្រុង​គ្នា​ចាប់​តាំង​ពី​ជំនួប​ត្រាំ-គីម ជុងអ៊ុន ​នៅ​ប្រទេស ​វៀតណាម ​កាល​ពី​ខែ​កុម្ភៈ​បាន​បរាជ័យ ​ខណៈ​ភាគី​ទាំង ​២ ​បាន​ប៉ះ​ទង្គិច​គ្នា​ជុំវិញ​បញ្ហា​ទណ្ឌកម្ម ​និង​ទាមទារ​សម្បទាន​របស់​ក្រុង​ព្យុងយ៉ាង​ជុំវិញ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ ប៉ុន្តែ​ថ្វី​បើ​មាន​ការ​គំរាម​កំហែង​​ថ្មី​បំផុត​ពី​ក្រុង​ព្យុងយ៉ាង​ក្តី ក៏​លោក​ ត្រាំ ថា ការ​ទម្លាយ​ភាព​ទាល់​ច្រក ​អាច​ធ្វើ​ទៅ​បាន​ដែរ​៕ AFP/PSA