ក្រុងសេអ៊ូល៖ អតីត​ប្រេសិត​នុយក្លេអ៊ែរ​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​លោក ​Kim Kye-gwan ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា កិច្ច​ចរចា​ជាមួយ​អាមេរិក​ អាច​បន្ត​នៅ​ពេល​ណា​ក្រុង​វ៉ាស៊ីនតោន​ទទួល​យក​ការ​ទាមទារ​របស់​ក្រុង​ព្យុងយ៉ាង​ទាំង​ស្រុង​​។ ​

លោក​ Kim Kye-gwan បច្ចុប្បន្ន​ជា​ទីប្រឹក្សា​ក្រសួង​ការ​បរទេស​ក៏​បាន​បញ្ជាក់​ថា​ កូរ៉េ​ខាង​ជើង​នឹង​មិន​ចូលរួម​ក្នុង​ការ​ចរចា​ដោះដូរ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ ដើម្បី​យក​ការ​កាត់​បន្ថយ​ទណ្ឌកម្ម​ជា​ផ្នែកៗ ខណៈ​ដែល​ខ្លួន​បាន​ចូលរួម​ក្នុង​ជំនួប​នៅ​ក្រុង​ហាណូយ​ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​អ្វី​សោះ​រវាង​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ និង​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក ​គីម ​ជុងអ៊ុន ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ ​២០១៩ ​កន្លង​ទៅ​នោះ​។

សុន្ទរកថា​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​របស់​កូរ៉េ​ខាង​ជើង​បាន​ទទួល​នោះ​ បាន​កើត​ឡើង​បន្ទាប់​ពី​​សារ​នៅ​ថ្ងៃ​ឆ្នាំ​ថ្មី​របស់​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​លោក ​គីម ​ជុងអ៊ុន ​ដែល​បាន​ព្រមាន​ពី​ការ​ធ្វើ​​តេស្ត​អាវុធ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ និង​ធ្វើ​ឲ្យ​មាន​សកម្មភាព​ជាក់​ស្តែង​នៅ​ក្នុង​ការ​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ជុំវិញ​កិច្ច​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ ដែល​បាន​ជាប់​គាំង​នោះ​។ ​

លោក​បាន​ថ្លែង​ថា​៖ ​«​បញ្ហា​នេះ​ត្រូវ​បាន ​គេ​និយាយ​ថា​ការ​បន្ត​ការ​ចរចា​រវាង​ DPRK ​និង​អាមេរិក​អាច​នឹង​កើត​ឡើង​នៅ​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​យ៉ាង​​ច្បាស់​លាស់​អំពី​បញ្ហា​ដែល​ត្រូវ​បាន​លើក​ឡើង​នា​ពេល​កន្លង​ទៅ​នោះ ​ប៉ុន្តែ​យើង​ដឹង​យ៉ាង​ច្បាស់​ថា​ អាមេរិក​ក៏​​មិន​ទាន់​បាន​ត្រៀម​​ ហើយ​ក៏​មិន​ទាន់​អាច​ធ្វើ​ដែរ។ DPRK​ តំណាង​​ឲ្យ​ឈ្មោះ​ផ្លូវ​ការ​របស់​កូរ៉េ​ខាង​ជើង​ គឺ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​​ប្រជាមានិត​កូរ៉េ»។

លោក​​​ថ្លែង​​ថា៖ ​«យើង​ដឹង​ច្បាស់​អំពី​ផ្លូវ​ដែល​គួរ​ដើរ​ និង​ផ្លូវ​ត្រូវ​បន្ត​ដំណើរ​ទៅ​មុខ​»៕ Yonhap/PSA