ក្រុង​អាម៉ាន់ៈ ​អាជ្ញា​ធរ​បាន​ថ្លែង​ថា​ ជន​ជាតិ​ប៉ាគី​ស្ថាន​ ១៣​ នាក់​ នៅ​ក្នុង​នោះ​មាន​ក្មេង​ ៨​ នាក់​បាន​ស្លាប់​ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ នៅ​ពេល​​ភ្លើងបាន​ទុស្សេ​​នៅ​លើ​​​សង្ក័​សី​ដំបូល​ផ្ទះ​របស់​ពួក​គេ​ នៅ​ក្នុង​តំបន់​ដាច់​ស្រ​យាល​មួយ​របស់​ប្រទេស ​ហ៊្សក់​ដា​នី ​ភាគ​ខាង​លិច​។​

​ក្រុម​បុគ្គ​លិក​ជួយ​សង្គ្រោះ​បាន​ថ្លែង​ថា​៖ «​មនុស្ស​ ១៣ ​នាក់​បាន​ស្លាប់​ និង ​៣​ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ នៅ​ពេល​ភ្លើង​បាន​ទុស្សេ​នៅ​លើ​សង្ក័​សី​ដំបូល​ផ្ទះ​មួយ​» ​នៅ​កន្លែង​កសិ​ដ្ឋាន​មួយ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​សូ​ណា​ភាគ​ខាង​ត្បូង​ ចម្ងាយ​ប្រហែល​ ៥០​ គី​ឡូ​ម៉ែត្រ​ ពី​ទី​ក្រុង​អាម៉ាន់​ភាគ​ខាង​លិច​។​

​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ ពួក​គេ​បាន​ថ្លែង​ថា ​អគា​របណ្តោះ​អា​សន្ន​នោះ​ គឺ​ជា​ផ្ទះ​របស់​ជន​ជាតិ​ប៉ាគី​ស្ថាន​ ២ គ្រួ​សារ​ ដែល​កំពុង​ធ្វើ​ការ​ងារ​ជា​កម្មករ​កសិ​កម្ម​។​

​អ្នក​នាំ​ពាក្យ​អគ្គិភ័យ​លោក​ អ៊ី​យ៉ាដ​ អាល់-​អូម៉ារី ​បាន​ថ្លែង​ប្រាប់​ទូរ​ទស្សន៍​រដ្ឋ​អាល់-​ម៉ាម​ឡា​កា​ថា​ ក្មេង​ ៨​ នាក់​ ស្ត្រី​ ៤​ នាក់ ​និង​បុរស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​ នៅ​ប្រហែល​ម៉ោង​ ២​ ទៀប​ភ្លឺ ​ដែល​ទំនង​ជា​បណ្តាល​មក​ពី​កំហុស​បច្ចេក​ទេស​អគ្គិ​សនី​៕ SK