ស្រុកមែសៃៈ ទាហានជើងទឹកថៃ (SEALs) បាននិយាយនៅក្នុងការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកថា ក្មេងប្រុសទាំង ១២ នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ត្រូវបានរំដោះចេញពីរូងភ្នំ ក្រោយពី ឆ្លងកាត់បទពិសោធដ៏អាក្រក់ រយៈពេល ១៨ ថ្ងៃ ដោយបានបន្ថែមថា ពួកគេទាំងអស់គ្នាមានសុវត្ថិភាព។
ការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកនោះបានឲ្យដឹងថា៖ «ក្មេងប្រុសទាំង ១២ នាក់នៃក្រុមបាល់ទាត់ Wild Boars និងគ្រូបង្វឹកត្រូវបានរំដោះចេញពីរូងភ្នំនោះ» ដោយបានបន្ថែមថា ពួកគេទាំងអស់គ្នា មានសុវត្ថិភាព។
ការបង្ហោះនោះបានឲ្យដឹងទៀតថា អ្នកមុជទឹក ៤ នាក់ដែលនៅជាមួយក្រុមពួកគេ នៅតែមានមុខដដែល។
ប្រមុខនៃក្រុមជួយសង្រ្គោះ លោក Narongsak Osottanakorn បានថ្លែងប្រាប់ ក្រុមអ្នកកាសែតកាលពីព្រឹកថ្ងៃអង្គារថា៖ «ពួកគេនឹងត្រូវជួយសង្រ្គោះចេញពីរូងភ្នំនោះនៅថ្ងៃនេះ»។
ក្តីសង្ឃឹមចំពោះដំណាក់កាលចុងក្រោយនៅក្នុងការសាកល្បងសង្គ្រោះមួយ ដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងនោះបានកើតឡើងក្រោយពីក្រុមអ្នកមុជទឹកបរទេស និងទាហានជើងទឹកថៃ SEALs បានអមការពារសមាជិក ៨ នាក់របស់ក្រុមបាល់ទាត់ Wild Boars ចេញពីរូងភ្នំ Tham Luang នៅប្រទេសថៃភាគខាងជើងកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ។
នៅរសៀលថ្ងៃអង្គារមានប្រភពជាច្រើនទាក់ទងនឹងកិច្ចប្រតិបត្តិការនេះ បាននិយាយថា ៣ នាក់ទៀតត្រូវនាំយកចេញមកក្រៅ។
ក្មេងប្រុសទាំង ១២ នាក់មានអាយុចាប់ពី ១១ ឆ្នាំទៅ ១៦ ឆ្នាំបានធ្វើដំណើរចូលទៅក្នុងរូងភ្នំនោះកាលពីថ្ងៃទី ២៣ ក្រោយពីពួកគេហាត់បាល់ទាត់ចប់ ហើយចូលជាប់នៅក្នុងរូងភ្នំដោយភ្លៀងខ្លាំង៕