ក្រុង​នីញ៉ាម៉េ៖ ​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ក្រុម​ជីហាដ​រាប់​រយ​នាក់​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​បន្ទាយ​យោធា​នីហ្សេ ​១ កន្លែង​ នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស ​ម៉ាលី​ ដោយ​មាន​ការ​បាញ់​ផ្លោង និង​កាំភ្លើង​ត្បាល់​ជា​ច្រើន​គ្រាប់ ​ដែល​បណ្តាល​ឲ្យ​ទាហាន​ចំនួន ៧១ ​នាក់​បាន​ស្លាប់ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ​។​

ការ​ប្រយុទ្ធ​គ្នា​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ភូមិ​អ៊ីនណេត​នៅ​ក្នុង​តំបន់​ទីលឡាប៊ឺរី​ គឺ​ជា​ការ​វាយ​ប្រហារ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ច្រើន​ទៅ​លើ​បន្ទាយ​យោធា​​នីហ្សេ​ ចាប់​តាំង​ពី​មាន​អំពើ​ហិង្សា​បាន​បង្ក​ឡើង​ដោយ​ក្រុម​ជីវពល​អ៊ិស្លាម​ជ្រុល​និយម​​នៅ​ក្នុង​ប្រទេស​​នេះ​បាន​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ ​២០១៥​។​

ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​ថា​៖ «យើង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ និង​​ការ​សោកស្តាយ​ និង​ប្រកាស​អំពី​ចំនួន​អ្នក​ស្លាប់​ដូច​នៅ​ខាង​ក្រោម​នេះ ​បុគ្គលិក​យោធា​ចំនួន ​៧១ ​នាក់​បាន​ស្លាប់​ និង ​១២ ​នាក់​ផ្សេង​ទៀត​រង​របួស​ ហើយ​មួយ​ចំនួន​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​»​។​

ផែនទី​បង្ហាញ​​ទី​តាំង​​វាយប្រហារ​ ទៅ​លើ​បន្ទាយយោធានី​ហ្សេមួយ​កន្លែង​​។ AFP

សេចក្តី​ថ្លែងការណ៍​នោះ ​បាន​ឲ្យ​ដឹង​ថា​ ការ​វាយ​ប្រហារ​​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ «​ក្រុម​ភេរវករ​ប្រដាប់​ដោយ​អាវុធ​ធុនធ្ងន់​ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា ​មាន​ចំនួន​ជាង​រាប់រយ​នាក់​» ​ដោយ​បន្ថែម​ថា​ «​ក្រុម​ភេរវករ​មាន​ចំនួន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ បាន​បើក​ការ​វាយ​ប្រហារ​នៅ​ទីនោះ​»​។​

ការ​ប្រយុទ្ធ​គ្នា​មាន​រយៈពេល ​៣ ​ម៉ោង​ ដោយ​មាន​ការ​បាញ់​កាំភ្លើង​ធំ​ជាមួយ​ «​ការ​ប្រើប្រាស់​រថយន្ត​កាមីកាស់ ​(​រថយន្ត​ការពារ​គ្រាប់​) ​របស់​សត្រូវ​ផង​ដែរ​»​។​

ចំនួន​សរុប​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ចេញ​ពី​ប្រភព​កងកម្លាំង​សន្តិសុខ​របស់​ប្រទេស ​នីហ្សេ ​បាន​ដាក់​ចំនួន​អ្នក​ស្លាប់​​ក្នុង​ការ​វាយ​ប្រហារ​នៅ​បន្ទាយ​យោធា​​នោះ​ថា​ មាន​ចំនួន​ជាង ​៦០ ​នាក់​៕​ AFP/SK