ក្រុងញូវ​ដេលីៈ ​ឥណ្ឌាបាន​និយាយ​ថា ​ខ្លួន​កំពុង​ទំនាក់​ទំនង​ជា​មួយ​ក្រុង​តេ​អេរ៉ង់​ ដើម្បី​ធានា​ឲ្យ​មាន​ការ​ដោះ​លែង​ជន​ជាតិ​របស់​ខ្លួន ​១៨​ នាក់ ​ដែល​ធ្វើ​ការ​នៅ​លើ​នាវា​ដែល​មាន​ទង់​ជាតិ​អង់គ្លេស​ ដែល​ត្រូវ​អ៊ី​រ៉ង់​ ចាប់​នៅ​ច្រក​សមុទ្រ​ Hormuz​។

ប្រទេស​ ហ្វីលី​ពីន​ ក៏​បាន​និយាយ​ថា​ ខ្លួន​ក៏​បាន​ស្នើ​ឲ្យ​អ៊ីរ៉ង់​ដោះ​លែង​ជន​ជាតិ​ហ្វី​លី​ពីន​ម្នាក់​ដែល​ជា​សមា​ជិក​យា​និក​ ដែល​ធ្វើ​ការ​នៅ​លើ​នាវា​ Stena Impero​ របស់​អ៊ុយ​អែត​ ដែល​ត្រូវ​កង​ការ​ពារ​បដិ​វត្តន៍​អ៊ី​រ៉ង់​ចាប់​ កាល​ពី​ថ្ងៃ​សុក្រ ​ខណៈ​ភាព​តាន​តឹង​កើន​ឡើង​ ​នៅ​តាម​ផ្លូវ​ទឹក​សម្រាប់​ការ​ផ្គត់​ប្រេង​នៅ​ក្នុង​ពិភព​លោក។ ​

លោក Raveesh Kumar អ្នកនាំពាក្យ​​​ក្រសួងការ​បរទេសឥណ្ឌា បាន​ថ្លែង​ប្រាប់​ AFP​ ថា​​ ជនជាតិ ១៨​​ នាក់ ​​នៅលើ​​នាវា​នោះ​ និង​បាន​​បន្ថែម​ថា ​ក្រុងញូ​វដេលី​​​កំពុងធ្វើ​ការទំនាក់​ទំនង​ជាមួយរដ្ឋាភិបាល​អុីរ៉ង់ ដើម្បី​ធានាឲ្យ​ដោះលែង ​និង​​ធ្វើ​មាតុភូមិនិវត្តន៍​ពួកគេ។

ក្រុម​អាជ្ញា​ធរ​អុីរ៉ង់​បាន​និយាយ​ថា​ នាវាត្រូវ​បាន​ចាប់​ឃាត់​ទុក​កំពង់​ផែ Bandar Abbas ពី​បទ​រំលោភ​បំពាន​ច្បាប់​ដែន​សមុទ្រ​អន្តរ​ជាតិ​ក្រោយ​ពី​បុក​ជា​មួយ​ទូក​នេសាទ​មួយ​គ្រឿង៕ ​PSA