ក្រុង​ហុង​កុងៈ ​ក្រុង​ហុងកុង ​ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​ការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ​មួយ​ទៀត​កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​កំហឹង​សាធារណៈ​ បាន​កាន់​តែ​ពុះកញ្ជ្រោល​​ឡើង ​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​មិន​ធ្លាប់​មាន​ពី​មុន​រវាង​ក្រុម​អ្នក​តវ៉ា ​និង​ប៉ូលិស​ជុំវិញ​​​ច្បាប់​បត្យាប័ន​ ថ្វី​បើ​មេ​ដឹកនាំ​ក្រុង​នេះ​ពន្យារពេល​ច្បាប់​មួយ​នេះ​ក្តី​។ ​

ក្រុម​អ្នក​រៀបចំ​សង្ឃឹម​ថា​នឹង​មាន​អ្នក​មក​ចូលរួម​ចំនួន​ច្រើន​ ខណៈ​ដែល​ពួក​គេ បាន​ប្តេជ្ញា​បន្ត​ដាក់​សម្ពាធ​ទៅ​លើ​ប្រមុខ​ប្រតិបត្តិ​លោក​ស្រី ​Carrie Lam​ បាន​សម្រេច​ពន្យារពេល​ច្បាប់​នោះ ​កាល​ពី​ថ្ងៃ​សៅរ៍​ ក្រោយ​សម្ពាធ​​​កាន់​តែ​កើន​ឡើង​ប៉ុន្មាន​ថ្ងៃ​នេះ​ដោយ​បាន​និយាយ​ថា​ លោកស្រី បាន​មើល​ស្រាល​ដល់​ស្មារតី​របស់​សាធារណៈជន​ទាំង​អស់​។

ក្រុម​អ្នក​រិះគន់ ​ព្រួយ​បារម្ភ​ថា​ ច្បាប់​គាំទ្រ​ដោយ​ក្រុង​ប៉េកាំង​នោះ​​ប្រជាជន​នឹង​ជួប​បញ្ហា​ស្មុគស្មាញ​ និង​តុលាការ​នានា​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ ​និង​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​របស់​ក្រុង​នេះ​ជា​​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​មាន​សុវត្ថិភាព។ ​

ក្រុង​ហុងកុង​នេះ ​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ការ​រង្គោះរង្គើ ​ដោយសារ​អំពើ​ហិង្សា​នយោបាយ​ដ៏​អាក្រក់​បំផុត​ ចាប់​តាំង​ពី​​អង់គ្លេស​ប្រគល់​ក្រុង​នេះ​ឲ្យ​ចិន​វិញ​នៅ​ក្នុង​ឆ្នាំ ​១៩៩៧ ​ហើយ​ចំណែក​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​វិញ អ្នក​តវ៉ា​រាប់​ម៊ឺន​នាក់​ ត្រូវ​បាន​បំបែក​ហ្វូង​ដោយ​ប៉ូលិស​ប្រឆាំង​កុបកម្ម​ ដែល​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​គ្រាប់​កាំភ្លើង​កៅស៊ូ។​

លោកស្រី​ Lam ​បាន​សម្រេច​ចិត្ត​​ពន្យារពេល​ច្បាប់​នោះ​ កាល​ពី​ថ្ងៃ​សៅរ៍ ​ហើយ​សម្បទាន​នេះ​​ត្រូវ​បាន​បដិសេធ​​ភ្លាមៗ​ដោយ​ក្រុម​មេ​ដឹកនាំ​តវ៉ា​ដែល​បាន​អំពាវនាវ​ឲ្យ​លោកស្រី​ចុះចេញ​ពី​តំណែង​លុប​ច្បាប់​នោះ​ចោល និង​សុំទោស​ ចំពោះ​យុទ្ធសាស្ត្រ​របស់​ប៉ូលិស។

មនុស្ស​ជិត ​៨០ ​នាក់​ បាន​រង​របួស​នៅ​ក្នុង​ចលាចល​កាល​ពី​សប្តាហ៍​មុន ​នៅ​ក្នុង​នោះ​​មាន​មន្ត្រី​ប៉ូលិស ​២២ ​នាក់ និង​អ្នក​តវ៉ា​ម្នាក់​បាន​ស្លាប់​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ​នៅ​ពេល​ដែល​គេ​ធ្លាក់​ពី​អគារ​មួយ​ដែល​រូប​គេ ​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង ​ច្បាប់​​បត្យាប័ន​អស់​ជា​ច្រើន​ម៉ោង​នោះ​។

គាត់​កាន់​បដា​ដែល​គេ​សរសេរ​ថា៖ ​«ត្រូវ​ដក​ច្បាប់​បត្យាប័ន​ទៅ​ចិន​នោះ​ទាំង​ស្រុង​។ យើង​ទាំង​អស់​គ្នា មិន​ធ្វើ​កុបកម្ម​ទេ។ ​ពួក​យើង​គ្រាន់​តែ​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​នោះ​ និង​ទាមទារ​សុំ​ឲ្យ​មាន​ការ​​ដោះលែង​និស្សិត​ទាំង​អស់​ និង​អ្នក​រងរបួស»។

ការ​ពន្យារពេល​ច្បាប់​នេះ​ បាន​ធ្វើ​ឲ្យ​កំហឹង​សាធារណៈជន​នៅ​ក្រុង​ហុងកុង​ ​ថយ​ចុះ​តិច​តួច​ទេ៕​ AFP/PSA